ភ្នំពេញ ៖ កន្លងមក អ្នកស្រឡាញ់វិស័យសិល្បៈច្បាស់ជាបានស្ដាប់រួចមកហើយនូវស្ត្រីម្នាក់ ដែលមានរូបរាងស្អាត ក្មេង ច្រៀងCoverបទ «លង់ស្នេហ៍ប្រុសក្មេង»នោះ ហើយនៅពេលនេះ បទនោះ មានអ្នកចុចស្ដាប់រហូតទៅដល់ជិត៤០លានបាត់ទៅហើយនៅលើបណ្ដាញសង្គមយូធូប។
បទខាងលើនេះ ជាសំនៀមដើមរបស់អតីតបេក្ខនារីX Factor Cambodiaកញ្ញា ថាន់ នឿថង ហើយត្រូវបាន Channel YouTube មួយឈ្មោះ Arom Record បច្ចប្បន្នប្ដូរឈ្មោះមក «MS Pro-Audio» ធ្វើការបង្ហោះកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ មានអ្នកចូលប្រមាណជាង៨លានដង។
ដោយឡែកបទនេះ ត្រូវនារីរូបស្រស់ម្នាក់ ឈ្មោះ ស្រីនុត យកទៅ Cover កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ ហើយត្រូវបានគេ បង្ហោះចូល ក្នុង Channel YouTube មួយឈ្មោះ Phally Pusat ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
គិតត្រឹមថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១ បទនេះ គឺមានអ្នកចូលទស្សនាជិត៤០លានដងទៅហើយ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រោះច្រើនជាងម្ចាស់ដើម ដែលបង្ហោះអស់រយៈពេលប្រមាណ៣ឆ្នាំទៅទៀត។
ដោយហេតុថា បទនេះ ល្បីខ្លាំងពេក កាលពីពេលថ្មីៗកន្លងទៅ នេះ ស្រីនុត បានចេញមុខទម្លាយរឿងខ្លះៗ ទាក់ទងបទ “លង់ស្នេហ៍ប្រុសក្មេង” នេះ ដោយប្រាប់ថា «រាល់ថ្ងៃខ្ញុំនៅខេត្តពោធិ៍សាត់ ខ្ញុំអាយុ២១ឆ្នាំ មានគ្រួសារហើយ នាងខ្ញុំមិនមែនជាតារាទេ គ្រាន់តែខ្ញុំច្រៀងប្រចាំនៅតែហាងទេ»។
ស្រីនុត បន្តថា «និយាយទៅកាលពី ២ឆ្នាំមុន នាងខ្ញុំទទួល អាហ្វែរ ដែរ តែទើបឥឡូវនេះទេ ដែលនាងខ្ញុំអត់បានទទួល អាហ្វែរ ទេ, មេការនៅហាង គាត់មាន កាមេរ៉ា ហើយគាត់មាន YouTube ហើយបទផ្សេងៗក៏គាត់ផុសដែរ តែផ្ទុះមួយបទហ្នឹង (លង់ស្នេហ៍ប្រុសក្មេង), រាល់ថ្ងៃហ្នឹង ទៅណា មកណា ក៏មានមុខមាត់ដែរ…»។
ពាក់ព័ន្ធនឹងរឿងស្នេហា ស្រីនុត បានបញ្ជាក់ថា នាងមានប្ដីនិងកូន១ទៅហើយ។ ស្វាមីរបស់ស្រីនុត ត្រូវបានគេស្គាល់ថាឈ្មោះ បូរ៉ា ហើយបទចម្រៀង ដែលគាត់ច្រៀងក៏ពីរោះមិនធម្មតាដែរ ជាពិសេសគឺបទ មុំអើយ អើយមុំ។
ទោះយ៉ាងណា ដោយហេតុថា ស្រីនុត ក៏ជាដៃគូចម្រៀងជាមួយនឹងលោក សួ វិចិត្រ និងមានមុខមាត់ស្រដៀងទៅនឹងស្វាមីរបស់អ្នកនាងផងនោះ ស្រាប់តែមានការយល់ច្រឡំថា ពួកគេជាប្ដីប្រពន្ធនឹងគ្នាទៀតផង រហូតកាលពីពេលថ្មីៗកន្លងទៅនេះ ពួកគេចេញមុខធ្វើការបកស្រាយជម្រះមន្ទិលទៀតផង។
នៅក្នុងវីដេអី ដែលបង្ហោះក្នុងទីកតុក កាលពីពេលថ្មីៗកន្លងទៅនេះ លោក សួ វិចិត្រ និងស្រីនុត បញ្ជាក់ថា ពួកគេទាំង២នាក់ មិនមែនជាប្ដីប្រពន្ធនឹងគ្នានោះទេ ហើយឈប់សួរពួកខ្លួនទៅ ហត់នឹងការឆ្លើយ។ ពួកយើងគ្រាន់តែជាមិត្តរួមការងារជាមួយគ្នាប៉ុណ្ណោះ អត់មានរឿងអីត្រូវយល់ច្រឡំទេ៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖