គេនៅចាំបានថា កាលពីវេលាម៉ោង២យប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុយ បានបើករថយន្តស៊េរីទំនើបម៉ាក Range Rover ក្នុងល្បឿនលឿន ជ្រុលបុករថយន្ត Toyota Prius ពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណាំ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ក្រោយកើតហេតុ រថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់រហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ទើបជនរងគ្រោះ បើករថយន្តដេញឃាត់ជាប់។
តាមរយៈវីដេអូ ដែលគេបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឃើញថា VJ តា ប៊ុយដើរមិនត្រង់ផ្លូវផងសង្ស័យស្រវឹងខ្លាំង ត្រូវបានបុរស៣ នាក់ទៀត គ្រាទៅដាក់ក្នុងរថយន្តមួយគ្រឿងទៀត។ បន្ទាប់មកនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តាប៊ុយ ក៏ឡាយបកស្រាយទទួលស្គាល់កំហុសរបស់ខ្លួនរឿងបើកបរក្នុងស្ថានភាពស្រវឹងទៅបុករថយន្តគេនោះ។
ទោះយ៉ាងណា លោកសម្ដែងការហួសចិត្ត និងមិនសុខចិត្តរឿងម្ចាស់រថយន្តព្រូស ផ្ញើវិក្កយបត្រឲ្យលោកថ្លៃជួសជុលរថយន្តរហូតដល់ទៅ២២៥០ដុល្លារនោះ ខណៈលោកថា ឡានលោកRange Rover ផងបូកសរុបត្រួសៗជាងថា អស់តែជាង២ពាន់ដុល្លារ។
ការលើកឡើងបែបនេះ ត្រូវបានម្ចាស់រថយន្តព្រូសយល់ថា ជាការមើលងាយ ហើយសម្រេចឈប់ចរចាជាមួយតាប៊ុយ រហូតនៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក៏សម្រេចប្ដឹងទៅតុលាការទាមទារសំណងជំងឺចិត្តរហូតដល់ទៅ២ម៉ឺនដុល្លារ ដោយលុយនេះ នឹងយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផានោះ។
ទោះយ៉ាងណា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានសំណូមពរឲ្យយកច្រើនជាងនេះ ដោយសារយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផានោះ ម្ចាស់រថយន្ត ក៏បានបង្ហោះសារមួយទៀត ដោយសម្រេចទារសំណជំងឺចិត្តរហូតដល់ទៅ១០ម៉ឺនដុល្លារឯណោះ។
បង្ហោះភ្ជាប់ជាមួយរូបថតតាប៊ុយស្ថិតក្នុងស្ថានភាពស្រវឹង និងរថយន្តរបស់ខ្លួនរងការខូចខាតនោះ ម្ចាស់រថយន្តព្រូស បានសម្រេចជាថ្មីដូច្នេះថា «មហាជនបានសំណូមពរថា សំណងជំងឺចិត្ត បើយកទៅជូនមន្ទីរពេទ្យដដែលនោះ គួរតែយកអោយច្រើនបន្តិចទៅ» ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំបានប្តួការទារសំណងជំងឺចិត្តពី២០០០០$ ទៅជា១០០០០០$វិញ ! » សូមបងប្អូនសាធារណជន កុំបារម្ភ ខ្ញុំឈប់ចរចាហើយ ទុកអោយច្បាប់គេធ្វើការងារនេះចុះ។ » ខ្ញុំសូមត្រឹមកម្លាំងចិត្តពីបងប្អូនផង»៕