តារាចម្រៀងរ៉េបវ័យក្មេង លោក ម៉ាន់ វណ្ណដា គឺជាសិល្បករខ្មែរដំបូងគេ ដែលបានឈរនៅលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ LiFTED Asia ប្រចាំខែធ្នូ ។ នេះបើយោងតាមការឱ្យដឹងពីផលិតកម្មបារមី ។
ដោយបារមីបានបញ្ជាក់ឱ្យដឹងនៅមុននេះយ៉ាងដូច្នេះថា៖ «អបអរសាទរទៅកាន់ Vann Da – វណ្ណដា ក្នុងការក្លាយជាសិល្បករដំបូងនៃប្រទេសកម្ពុជា ដែលបានឈរនៅលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ LiFTED Asia ប្រចាំខែ ធ្នូនេះ!» ។
ទន្ទឹមនឹងនោះ លោក វណ្ណដា ក៏បានបញ្ជាក់ឱ្យដឹងពីអារម្មណ៍ផ្ទាល់ខ្លួនតាមរយៈសំណេរមួយនៅលើបណ្ដាញសង្គមថា លោកពិតជាមានកិត្តិយសបំផុតដែលបានឈរលើទំព័រមុខនៃទស្សនាវដ្ដី LiFTED Asia ។ ហើយវាក៏ជារឿងមួយដែលអស្ចារ្យសម្រាប់លោក ដែលអាចបញ្ចប់ឆ្នាំ២០២១ ជាមួយនឹងសមិទ្ធផលថ្មីនេះ ។
វណ្ណដា បាននិយាយថា៖ «ថ្ងៃនេះខ្ញុំពិតជាមានកិត្ដិយសដែលបានក្លាយជាទំព័រមុខរបស់ទស្សានាវដ្ដី LiFTED Asia ប្រចាំខែ ធ្នូនេះ! នេះគឺពិតជាអស្ចារ្យសម្រាប់ខ្ញុំដែលអាចបញ្ចប់ឆ្នាំ ២០២១ នេះ ជាមួយសមិទ្ធផលថ្មីមួយទៀត ដែលជាការឈរនៅលើទំព័រមុខទស្សនាវដ្ដីអន្ដរជាតិដំបូងបំផុតរបស់ខ្ញុំ» ។
គួរបញ្ជាក់ថា តារាចម្រៀង វណ្ណដា បានក្លាយជាតារាចម្រៀងឆ្នើមនៃអាស៊ី តាមរយៈបទចម្រៀងរបស់ខ្លួន ដែលចាប់ដៃគ្នាជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែងលោកគ្រូ គង់ ណៃ គឺបទ «Time to rise» ។ ដោយបទនេះមានអ្នកចូលទស្សនាជាង៨០លានដង និងបាននាំឱ្យកម្ពុជាជាប់លេខ១នៅអាស៊ី ប្រចាំ LiFTED Lists 2021 ផងដែរ ។
យ៉ាងណាជាមួយគ្នានេះ វណ្ណដា ក៏ទទួលបានសមិទ្ធផលថ្មីមួយទៀតដោយបានឈរនៅលើទំព័រមុខនៃទស្សនាវដ្ដីអន្តរជាតិដ៏ល្បី LiFTED Asia ប្រចាំខែធ្នូ នេះ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖