ករណី តាប៊ុយ បើករថយន្ត ក្នុងស្ថានភាពស្រវឹងទៅបុករថយន្តព្រូសពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នោះ, ទីបំផុត ម្ចាស់រថយន្តព្រូស បានសម្រេចប្ដឹងឡើងតុលាការ ទាមទារសំណងជំងឺចិត្តហើយ។
ការសម្រេចប្ដឹងទាមទារសំណងជំងឺចិត្តបែបនេះ ដោយសារតែក្នុងការចរចាគ្នា ម្ចាស់រថយន្តព្រូស បង្ហាញវិក្កយបត្រធ្វើរថយន្តរបស់ខ្លួនអស់២២៥០ដុល្លារ តែតាប៊ុយ បែរជាឡាយវីដេអូ សាញរឿងតម្លៃ ហើយការប្រើប្រាស់ពាក្យពេចន៍របស់លោកក្នុងពេលឡាយនោះ ត្រូវបានម្ចាស់រថយន្តព្រូស អះអាងថា ជាការមើលងាយ។
ក្រោយពីតាប៊ុយសាញរឿងតម្លៃនោះ ម្ចាស់រថយន្តព្រូស ក៏បានបង្ហោះសារជាបន្តបន្ទាប់ ក្នុងនោះ បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះតាប៊ុយទៀតផង ដោយសារការបើកបរក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តរបស់ខ្លួននោះ។
អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ត្រង់ថា ពេលម្ចាស់រថយន្តទាមទារសំណង២ពាន់ដុល្លារជាង តាប៊ុយអត់ព្រម ឥឡូវ ម្ចាស់រថយន្តខាងលើ បានសម្រេចប្ដឹងទៅតុលាការដើម្បីទារសំណងជំងឺចិត្តរហូតដល់ទៅ២ម៉ឺនដុល្លារឯណោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ឡានរបស់ខ្លួនរងការខូចខាតនោះ, ម្ចាស់រថយន្តព្រូស ប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ«B&J Salon» បានបញ្ជាក់ច្បាស់ៗដូច្នេះថា «ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់! កាត់ខ្ទេចអស់ហើយ » ខ្ញុំសូមប្រកាសជាសាធារណៈថា ប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទាសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីរពេទ្យគន្ធបុប្ផា » សូមជួយគាំទ្រ និងផ្តល់កម្លាំងចិត្តផង បងប្អូន »។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២យប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុយ បានបើករថយន្តស៊េរីទំនើបម៉ាក Range Rover ក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ជ្រុលបុករថយន្ត Toyota Prius ពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណាំ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងដែរថា នៅមុនកើតហេតុ គេឃើញ មនុស្សប្រុសស្រី ៣ ទៅ ៤ នាក់បើករថយន្ត Toyota Prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AH-7048 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្សទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រង់ចាំភ្លើងស្តុប ខណៈនោះ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BK-8809 បើកបរដោយ VJ តា ប៊ុយ ធ្វើដំណើរមកពីក្រោយ ក៏បុករថយន្ត Toyota Prius ពេញទំហឹងតែម្ដង។
ប្រភបន្តថា ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ទើបជនរងគ្រោះ បើករថយន្តដេញឃាត់ជាប់៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖