ក្រោយបើកបរក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តព្រូស ហើយរត់គេច ត្រូវតែម្ចាស់រថយន្តព្រូស ដេញទាន់ចាប់បាននោះ នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តាប៊ុយ បានឡាយបកស្រាយ ដោយទទួលស្គាល់នូវកំហុសរបស់ខ្លួន។
ទោះជាទទួលស្គាល់នូវកំហុសក៏ពិតមែន តែតាប៊ុយ បានប្រតិកម្មរឿងសំណង ដែលម្ចាស់រថយន្តព្រូសទាមទារចំនួន២២៥០ដុល្លារ ដោយលើកឡើងថា ធ្វើមិនអស់ដល់ប៉ុណ្ណឹងនោះទេ។ ក្នុងនោះ លោកបានលើកឡើងពីម្ចាស់រថយន្តព្រូស អាងអី ប្ដឹង ហើយជាការឆ្លើយតបនឹងការចង់ប្ដឹង, លោកថា តាមហ្នឹងទៅបើអញ្ចឹងហើយ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់តាប៊ុយ ម្ចាស់ឡានព្រុសតាមរយៈទំព័រហ្វេសប៊ុក ឈ្មោះ«B&J Salon» បានសម្រេចថា «ខ្ញុំម្ចាស់រថយន្ត Priuse នេះជាសំដីមើលងាយ យ៉ាងច្បាស់ ខ្ញុំអស់ចិត្តនឹងចងចរចាទៀតហើយ។ សូមបងប្អូនស្តាប់សំដីគាត់ចុះ សន្យាម៉ោង៨ព្រឹកជួបគ្នានៅប៉ុស្ដិ៍ តែម៉ោង ១រសៀលទើបទាក់ទងមក! សូមជួយ Shear អោយគាត់ល្បីបន្ថែមទៀត! ខ្ញុំក៏អស់វិធីផ្សះផ្សាដែរហើយ!»។
បន្ថែមលើនេះ ម្ចាស់ឡានខាងលើ បានបង្ហោះវីដេអូ តាប៊ុយ ស្ថិតក្នុងស្ថានភាពដើរទ្រេតទ្រោត ក្រោយបង្កគ្រោះថ្នាក់ ហើយលើកជាសំណូមពរថា ៖ “អស់ការអត់ធ្មត់ហើយ!ក្នុងនាមខ្ញុំជាម្ចាស់រថយន្ត Prius »សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសឯកឧត្តមអគ្គស្នងការនគរបាលជាតិមេត្តាមានវិធានការផ្លូវច្បាប់ចំពោះជននេះ » សូមបងប្អូនកុំបើកបរពេលស្រវឹង » សូមកុំយកគំរូតាម ស្វាងតឹង ស្រវឹងធូរ សូមបងប្អូនមេត្តាគិតតាមការគួរចុះ”។
ទោះយ៉ាងណា ក៏មានទំព័រហ្វេសប៊ុក និងតារាមួយចំនួន ហាក់កាន់ជើងខាងតាប៊ុយផងដែរ ហើយជាការឆ្លើយតបទៅនឹងការរិះគន់រឿងតម្លៃសំណងនេះ ម្ចាស់រថយន្តព្រូស បានប្រកាសជាបន្តបន្ទាប់ថា «ដំណឹងរកម្ចាស់Page! ខ្ញុំសូមប្រកាសរកម្ចាស់Page ចិត្តធម៌ សូមជួយទិញឡាននេះយកទៅប្រើបន្តពីខ្ញុំផង។ ហើយសូមជិះខ្លួនឯងផង ចងល្បីទេ?»។
ប្រភពបន្តថា «ខ្ញុំមិនចង់បង្ហាញពីការខូចខាតឡានទេ! បងៗណាថា ខ្ញុំចង់បានលុយ សូមបងជួយទិញយកទៅជិះផង? ជាងថាហើយសំណាងហើយមិនឆេះឡាន។ »Rang បុកPrius សួរថាខូចស្អី? » តោះដេញថ្លៃទិញរថយន្ត? » ម្ចាស់Page ហានអោយប៉ុន្មាន?»។
ដោយមិនអស់ចិត្តចំពោះអ្នករិះគន់, ម្ចាស់ឡានខាងលើ បានបង្ហោះសារទៀតថា «ជាងនិយាយថាសំណាងហើយឡានខ្ញុំមិនផ្ទុះ ឆេះនោះ ខូចត្រឹមអាគុយ ខណៈប្រអប់បញ្ជាភ្លើង ឡើងរួញ សាកស៊ីឡាន ឡើងរួញ! Rang បុក Prius មិនខុសអីពីមាន់ ជានខ្ទឹមទេបង បងអើយ! យើងអោយលេខជាងទៅគាត់ហើយ គាត់ទៅមើលទៅ ហេតុអីមកlive ថាយើងចងបានលុយគាត់! បងៗអាចជួយគិតមើល !»។
បន្ថែមលើនេះ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ម្ចាស់ឡានព្រូស បានបង្ហោះសារសុំឲ្យជួយពិចារណាថា «សួរបងប្អូនជួយគិតខ្ញុំ! ឡានទើបយកចូលថ្ងៃទី៣ ព្រឹកថ្ងៃទី១៤ត្រូវមនុស្សស្រវឹង បុកខ្ទិច រួញតួ សឹងតែឆេះឡាន!
ខ្ញុំមិនដែលគិតថាចងបានលុយគេទេ តែហេតុអ្វីមិនទៅមើលកន្លែងជាងធ្វើ? » ចិត្តយើងចិត្តគេ ស្រលាញ់របស់ ខុសដែរមែន?» បើគេបុករបស់ជាទីស្រលាញ់របស់បងៗ ហើយហុចលុយអោយបងវិញ តើបងគិតយ៉ាងណា? មុនបងៗសម្រេចចិត្តសរសេរ សូមគិតម្តងទៀតផង»។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២យប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុយ បានបើករថយន្តស៊េរីទំនើបម៉ាក Range Rover ក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ជ្រុលបុករថយន្ត Toyota Prius ពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណាំ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងដែរថា នៅមុនកើតហេតុ គេឃើញ មនុស្សប្រុសស្រី ៣ ទៅ ៤ នាក់បើករថយន្ត Toyota Prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AH-7048 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្សទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រង់ចាំភ្លើងស្តុប ខណៈនោះ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BK-8809 បើកបរដោយ VJ តា ប៊ុយ ធ្វើដំណើរមកពីក្រោយ ក៏បុករថយន្ត Toyota Prius ពេញទំហឹងតែម្ដង។
ប្រភបន្តថា ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ទើបជនរងគ្រោះ បើករថយន្តដេញឃាត់ជាប់៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖