លោកអ្នក បានជ្រាបរួចមកហើយថា បច្ចុប្បន្ន ម៉ាក់ល័ក្ខ មានអ្នកតាមដានលើបណ្ដាញសង្គមទីកតុកជាង៧លាននាក់ ខណៈអ្នកតាមដាន (Follower) លើបណ្ដាញសង្គមហ្វេសប៊ុករហូតដល់ទៅជាង១លាននាក់ឯណោះ។
ភាពល្បីល្បាញនេះ ធ្វើឲ្យតារាទីកតុក ម៉ាក់ល័ក្ខ ទទួលបានឱកាសការងារជាបន្តបន្ទាប់ជាមួយនឹងតម្លៃខ្លួនខ្ពស់សឹងមិនគួរឲ្យជឿ រហូតនាងមានលទ្ធភាពទិញឡាន ទិញផ្ទះបាន ជួយគ្រួសារឲ្យមានជីវភាពធូរធារទៀតផង។
និយាយពីរឿងស្នេហាវិញ កាលពីមុន ម៉ាក់ល័ក្ខ មានទំនាក់ទំនងយ៉ាងផ្អែមល្ហែមជាមួយលោក សុគន្ធ ដេវីត ហើយពួកគេ ក៏ជាដៃគូសម្ដែងដ៏សក្ដិសមផងដែរ។ តែមិនដឹងមានរឿងអី ស្នេហាពួកគេ ក៏ឈានដល់ផ្លូវបំបែក ហើយម៉ាក់ល័ក្ខ ក៏រកឃើញអ្នកស្អំបេះដូងថ្មី។ ត្រឡប់ទៅក្រោយបន្តិច ម៉ាក់ល័ក្ខ ក្លាហាន ធ្លាប់ហ៊ានបង្ហាញមុខអតីតសង្សាររបស់ខ្លួន ម្នាក់ទៀតផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតអតីតសង្សាររបស់ខ្លួនកាលគ្រាកន្លងទៅ ម៉ាក់ល័ក្ខ បានលើកជាសំណួរ និងបញ្ជាក់ច្បាស់ៗថា «អ្នកណាថាស្នេហាមិនអាចខ្លាចជាមិត្តភាពបាន អោយតែយើងបើចិត្តអោយទូលាយទៅបានហើយ អរគុណ ex ដែលតែងតែផ្តល់ស្នាមញញឹមរហូតមក ជូនពរជួបគូស្នេហ៍ពិតឆាប់ៗ»។
នេះវាជារឿងកម្រមួយផងដែរ ដែលមនុស្សបែកគ្នាហើយ អាចកែប្រែពីសង្សារ ទៅជាមិត្តភក្ដិបាននោះ ខណៈមនុស្សមួយចំនួនធំ ផ្ទុយពីម៉ាក់ល័ក្ខ ដោយពួកគេមិនអាចធ្វើចិត្តបែបនេះ បាននោះឡើយ ឲ្យតែបែកគ្នាហើយ សូម្បីតែFriendក្នុងហ្វេសប៊ុកជាមួយគ្នាក៏ត្រូវប្លុកចោលដែរនោះ។
ជាក់ស្ដែង នៅពេលឃើញម៉ាក់ល័ក្ខ ធ្វើចិត្តបានបែបនេះនោះ អ្នកគាំទ្រ នៅមិនសុខ លើកឡើងដូច្នេះថា «ខ្ញុំប្លុកចោលម៉ងបង រាប់អានគ្នាបាន លុះត្រាតែលុយសងមិនទាន់អស់, បើកចិត្តមិនរួចទេបង, បើកចិត្តមិចកើត បើកគ្រាន់តែបែកភ្លាមគេប្លុកភ្លែត, Ex អួយបើខ្ញុំវិញប្លុកចោលអត់រាប់អានទេ នាំតែឃើញគេផុសអីឈឺចាប់ លុះត្រាតែខ្ញុំមានថ្មីបាន unblock វិញ»៕