បវរកញ្ញាចក្រវាលកម្ពុជាប្រចាំឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដោយបង្ហាញពីអារម្មណ៍សោកស្ដាយ ខណៈមិនមានឱកាសបានឡើងទៅដល់ Top10 នៃវគ្គផ្ដាច់ព័ត្រក្នុងកម្មវិធី Miss Universe 2021 ដែលកំពុងធ្វើឡើងនៅប្រទេសអ៊ីស្រាអែល ។
កញ្ញា ងិន ម៉ារ៉ាឌី ឬ ងិន រ៉ូហ្សា បានរៀបរាប់លើបណ្ដាញសង្គមថា ដើម្បីអ្នកគាំទ្រ ដើម្បីប្រជាពលកម្ពុជា ក៏ដូចជាដើម្បីប្រទេសកម្ពុជា ខ្លួនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ។ ប៉ុន្តែនាងក៏អរគុណចំពោះការគាំទ្រ និងការស្រឡាញ់នាពេលកន្លងមក ។
កញ្ញា ងិន ម៉ារ៉ាឌី បានគួសបញ្ជាក់ថា៖ «នាងខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាងខ្ញុំហើយ ដើម្បីបងប្អូនទាំងអស់គ្នា ដើម្បីកម្ពុជា ។ សូមអរគុណពុកម៉ែបងប្អូន ដែលតែងតែនៅពីក្រោយ គាំទ្រ ស្រលាញ់ និងផ្តល់កំលាំងចិត្តដល់រូបនាងខ្ញុំកន្លងមក» ។
គួរបញ្ជាក់ថា កញ្ញា ងិន ម៉ារ៉ាឌី ឬ ងិន រ៉ូហ្សា គឺជាម្ចាស់ម្កុដកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាប្រចាំឆ្នាំ២០២១ និងបានឡើងទៅប្រកួតប្រជែងសមត្ថភាពនៅលើឆាកអន្តរជាតិជាច្រើន នៅប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅនេះ ។
កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញពីសមត្ថភាព ក៏ដូចជាបង្ហាញឱ្យគេបានស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈឆាកអន្តរជាតិនៃកម្មវិធី Miss Universe 2021 ។ ជាពិសេសបវរកញ្ញាចក្រវាលពោរពេញដោយសម្រស់ស្រស់សោភារបស់កម្ពុជារូបនេះ បានបង្ហាញពីវប្បធម៌ និងអរិយធម៌ខ្មែរជាច្រើនទៅកាន់បរទេស។
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖