ភ្នំពេញ ៖ រហូតមកដល់ពេលនេះ លោកព្រាប សុវត្ថិ បានរៀបការជាមួយភរិយាជាង២០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុស៣នាក់ ប៉ុន្តែ ជីវិតប្ដីប្រពន្ធរបស់លោកវិញ ហាក់កាន់តែមានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យសរសើរខ្លាំងណាស់។
មហាជន បានចាត់ទុកគ្រួសារកំពូលតារាចម្រៀងរូបនេះ ជាគ្រួសារគំរូមួយ ព្រោះមានកូនប្រុសទាំងបីប្រកប ដោយគន្លងធម៌ ហើយមិនដែលលេចឮរឿងអាស្រូវណាមួយកើតឡើងនោះឡើយ។
ជាការកត់សម្គាល់ រាល់ការទៅចូលរួមកម្មវិធីនានារួមទាំងការប្រគំតន្ត្រីជាដើម លោកស្រី ឡុង ស្រីមុំ តែងតែទៅជួយមើលការខុសត្រូវស្វាមីលើការរៀបចំសំលៀកបំពាក់តុបតែងមុខមាត់ជាដើម ហើយនៅលើបណ្ដាញសង្គម លោកព្រាប សុវត្ថិ និងភរិយា ក៏ឧស្សាហ៍ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ លោកព្រាប សុវត្ថិ និងភរិយា បានធ្វើដំណើរទៅ តាមខេត្ត ហើយក៏បានបង្ហោះរូបភាពកៀកកើយជាមួយភរិយា ថែមទាំងពោលពាក្យមួយឃ្លាទៅកាន់ភរិយាបែបនេះថា៖ «ភ្នំពេញ រតនគិរី មណ្ឌលគិរី វិលវិញមិនឆ្ងាយព្រោះមានឆោមឆាយក្បែរកាយាបង»។
ចំណែកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃខួបកំណើតភរិយានោះ កំពូលតារាចម្រៀងព្រាប សុវត្ថិ បានពោលពាក្យយ៉ាងផ្អែមល្ហែមនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «រីករាយថ្ងៃកំណើតអូន Love មិនមែន 1ថ្ងៃ មិនមែន 1ឆ្នាំ មិនមែន 10ឆ្នាំ គឺ forever»។
គួរបញ្ជាក់ថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ ហើយរហូតមកទល់ពេលនេះ ទទួលបានចំណងដៃកូនប្រុសចំនួន៣នាក់ ដែលជាតារាចម្រៀងផងដែរ រួមមាន សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ៕