កម្មវិធីប្រកួត Miss Universe លើកទី៧០ បានប្រព្រឹត្តិទៅយ៉ាងរលូនក្នុងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល ហើយបើកឆាកដំបូងនៅថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២១ គេសង្កេតឃើញថា បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញខ្លួន ក្នុងការប្រកួតឈុតតំណាងជាតិ ក្នុងចំណោម បវរកញ្ញាមកពីច្រើនប្រទេស មើលទៅពិតជាក្ដុកក្ដួលខ្លាំងណាស់។
បង្ហោះភ្ជាប់ជាមួយវីដេអូ ក្នុងការបង្ហាញខ្លួននេះ, បវរកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញអារម្មណ៍ដូច្នេះថា «នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការបង្ហាញនូវឈុតដ៏អស្ចារ្យរបស់កម្ពុជាមួយនេះទៅកាន់ពិភពលោក។ ឈុត វប្បការិកាចត្វានិមិត្ត ដែលបានបង្ហាញអំពីវប្បធម៌ និងអរិយធម៌ដ៏ត្រចះត្រចង់របស់កម្ពុជា។ នាងខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងដែលបានកើតឡើង»។
គួរបញ្ជាក់ថា ឈុតដែលបានបង្ហាញក្នុងកម្មវិធីថ្ងៃប្រកួតដំបូងនេះ សរុបទាំងអស់មាន៤ឈុត រួមមាន ឈុតបង្ហាញខ្លួន, ឈុតហែលទឹក, ឈុតរាត្រីសមោសរ និងឈុតតំណាងជាតិ។ ទោះយ៉ាងណា ពេល ងិន ម៉ារ៉ាឌី បង្ហាញឈុតតំណាងជាតិនោះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួន អួតដើមកបណ្ដើរ បុកពោះបណ្ដើរទៀតផង ដោយសារតែមានបញ្ហាបន្តិចបន្តួចកើតឡើងនោះ។ តែនាងតែជម្នះបញ្ហាបាន។
ជាក់ស្ដែង តារាចម្រៀង អេដា ក្រោយឃើញទិដ្ឋភាពរបស់កញ្ញា ងិន ម៉ារ៉ាឌី ហើយ នាងក៏បង្ហាញអារម្មណ៍ដូច្នេះថា «មើលហើយ អួលដើមកបណ្ដើរ បុកពោះបណ្ដើរ តែស្នាមញញឹមមួយប៉ិចចុងក្រោយរបស់គាត់ជាសញ្ញាប្រាប់មកយើងទាំងអស់គ្នាថា “កុំភ័យខ្ញុំអត់អីទេ តោះដើរតទៀត”
តារាចម្រៀង Original Songដ៏ល្បីរូបនេះ បានបន្តទៀតថា «បេះដូងហោះបាត់ពីខ្លួនហើយ តែគាត់ធ្វើបានល្អខ្លាំងណាស់ ការជម្នះឧបសគ្គទាំងអស់នេះហើយ បញ្ជាក់អោយឃើញថា អ្វីទៅជាតម្លៃ MISS UNIVERSE »។ ចំណែក មតិមួយចំនួនទៀត ក៏បានបង្ហាញអារម្មណ៍ស្រដៀងគ្នាទៅនឹង អេដា ផងដែរ៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖