អតីតតារាសម្ដែង លោក ស៊ុក សុភា បានសម្រេចចិត្តឡើងយន្ដហោះត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ បន្ទាប់ពីបានចំណាយពេលប្រមាណជាង៣ខែនៅទឹកដីកម្ពុជា។
លោក ស៊ុក សុភា បានចំណាយពេលជាច្រើនខែជាមួយនឹងការដើរលេងកម្សាន្ដស្ទើរជុំវិញប្រទេសកម្ពុជា ។ ប៉ុន្តែការចាកចេញពីអូស្ត្រាលី មកលម្ហែកាយនៅមាតុភូមិកំណើតលើកនេះលោក ស៊ុក សុភា ហាក់មិនសូវទទួលបាននូវអ្វីដែលជាការរីករាយចិត្តសោះឡើយ ដ្បិតផ្ទៃក្នុងគ្រួសារ ប្រពន្ធកូនបែកខ្ញែកពីគ្នា និងដើរដល់ផ្លូវបំបែកធ្វើឲ្យមហាជនរង់ចាំមើល ។
យ៉ាងណាមុនពេលសម្រេចចិត្តឡើងទៅយន្តអូស្ត្រាលីនេះ រឿងរ៉ាងលោក ស៊ុក សុភា និងអតីតភរិយាក៏បានស្ងប់ស្ងាត់ទៅវិញ ហើយអ្វីដែលមានការចាប់អារម្មណ៍នោះ គឺធ្លាយដំណឹងដ៏រសើបមួយថាលោក និងអតីតភរិយាអ្នកនាង ហ្សារីណា ទំនងជាត្រូវរ៉ូវគ្នាវិញ ខណៈអ្នកនាង ហ្សារីណា បានបង្ហាញសារផ្អែមល្ហែមមួយ ។
ម្យ៉ាងនៅយប់មិញនេះ ខណៈឡើងយន្ដហោះចេញដំណើរទៅអូស្ត្រាលី ស៊ុក សុភា និងភរិយាអ្នកនាង ហ្សារីណា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មី ខណៈអ្នកទាំងពីរហាក់ចង់បង្ហើបពីអ្វីម្យ៉ាង តាមរយៈការបង្ហោះសំណេរឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គម ។ ដោយក្នុងនោះលោក ស៊ុក សុភា បានសរសេរថា៖ «ចាំជួបគ្នាណាអ្នកអូស្ត្រាលី ទាន់?» ។
គេពុំបានដឹងថា អ្នកអូស្ត្រាលី ដែលលោក ស៊ុក សុភា សំដៅនោះជានរណានោះទេ។ ប៉ុន្តែក៏ស្រាប់តែភរិយាអ្នកនាង ហ្សារីណា បង្ហោះសារឆ្លងឆ្លើយបែបនិយាយលេងថា៖ «បិទទ្វាលែងទទួលហើយដូរកូនសោរចោលឱ្យអស់ទៀត ហាមចូលផ្ទះខ្ញុំ ពេលខ្ញុំមិននៅ ទាន់?» ។
គួរបញ្ជាក់ដែរថា តារាសម្ដែងលោក ស៊ុក សុភា ត្រូវបានភរិយាប្រកាសលែងលះគ្នាយ៉ាងភ្ញាក់ផ្អើល ខណៈដែលលោកព្យាយាមរក្សាភាពស្ងៀមស្ងាត់នៅកម្ពុជាអស់រយៈពេលជាច្រើនខែ ។ យ៉ាងណាពេលនេះ លោក ស៊ុក សុភា ក៏បានសម្រេចចិត្តឡើងយន្ដហោះទៅប្រទេសអូស្ត្រាលីវិញ បន្ទាប់ពីរឿងរ៉ាវនោះបានស្ងប់ស្ងាត់។
មហាជនរង់ចាំមើលថាតើពួកគេអាចជានារគ្នាវិញប្រាកដមែន ឬយ៉ាងណា? ប្រសិនបើអាចរួមរស់ជាមួយគ្នាវិញជារឿងល្អសម្រាប់គ្រួសារមួយនេះ ជាពិសេសសុភមង្គល និងភាពកក់ក្ដៅរបស់កូនៗដែលនៅតូចៗ៕ ប្រភព ៖ តារាញូស៍