និយាយដល់ឈ្មោះ ពិធីការិនីសម្ដីផ្អែម និងប៉ិនប្រសព្វក្នុងការប្រើប្រាស់ពាក្យពេចន៍យ៉ាងស្រទន់ អ្នកនាង ខៀវ សានសាណា ប្រិយមិត្តមួយចំនួនច្បាស់ជាដឹងរួចមកហើយថា អ្នកនាង ជាកូនស្រីបង្កើតរបស់អ្នកសារព័ត៌មានចាស់វស្សា គឺលោក ខៀវ កូឡា។
ជីវិតរបស់តារាស្រីរូបនេះ ត្រូវបានគេមើលឃើញថា ស្រស់បំព្រង ហ៊ឺហា ឡូយឆាយ និងមានសុភមង្គលខ្លាំងមិនធម្មតា បន្ទាប់ពីសម្រេចរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួមស្វាមីទីពីរ ដែលជាជនជាតិអូស្ត្រាលី និងទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃស្នេហ៍នោះ។
ដោយសារតែការថ្នាក់ថ្នម ក្ដីស្រឡាញ់យកចិត្តទុកដាក់ និងយល់ទុក្ខធុរៈពីសំណាក់ស្វាមីទី២លោក Seraj Sutton បានធ្វើឲ្យពិធីការិនីឆ្នើមប្រចាំស្ថានីយទូរទស្សន៍ CTN រូបនេះ ហាក់មានស្នាមញញឹមស្រស់ស្រាយជាប្រចាំ។
បន្ថែមលើនេះ កាលពីពេលថ្មីៗនោះ ស្វាមីរបស់អ្នកនាង បានទិញរថយន្ត Rolls-Royce ដែលមានតម្លៃកប់ពពកសម្រាប់អ្នកនាង ជាមួយនឹងការបំពាក់ស្លាកលេខពិសេស ដោយដាក់ថា «កម្ពុជា K.SAN.01» ទៀតផង។
ក្រោយពីទិញរថយន្តលំដាប់អភិជនបានរយៈពេលប៉ុន្មានខែ ស្រាប់តែនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកនាង បានបង្ហាញសមាជិកថ្មីមួយគ្រឿងទៀត ជារថយន្ត ម៉ាក STAR យ៉ាងថ្មីសន្លាង ហើយប្រាប់ថា «កាដូរឆ្នាំថ្មីសម្រាប់កូនៗទៅរៀន និងធ្វើដំណើរកម្សាន្ត តែពេលនេះmommyសុំថតយកហេងមួយសិន»។
គួរបញ្ជាក់ថា អ្នកនាង ខៀវ សានសាណា ស្ថិតក្នុងចំណោមតារាល្បីៗមួយចំនួន ដូចជាលោក ខេមរៈ សិរីមន្ត, អ្នកនាង ឱក សុគន្ធកញ្ញា, កញ្ញាទេព បូព្រឹក្ស, តារាចម្រៀង ឈួន សុវណ្ណឆៃ, អតីតតារាសម្តែង លីឈី ដែលមានរថយន្តលំដាប់អភិជន ប្រភេទ Rolls-Royce ជិះយ៉ាងហ៊ឺហានោះ៕