ភ្នំពេញ ៖ គេនៅចាំបានថា អតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោន លោក ប៊ុន រតនា និងបច្ចុប្បន្ន ជា អគ្គនាយក អេសអូតូខេមបូឌា បានឡើងងារជា ឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
នៅពេលនោះ ឧកញ៉ា ប៊ុន រតនា បានសរសេរសារភ្ជាប់ជាមួយព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារ ជាឧកញ៉ា ថា «ទូលព្រះបង្គុំសូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវអំណរអរគុណ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី ដែលព្រះអគ្គសព្វព្រះរាជហឫទ័យប្រោសប្រទានប្រទានបរមងារ “ឧកញ៉ា” ដល់ទូលព្រះបង្គំ។
ទូលព្រះបង្គុំនិងក្រុមគ្រួសារសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រទូទាំងប្រទេសជាអង្វែងតរៀងទៅ និងសូមអរគុណពុកម៉ែបងប្អូន អ៊ំពូមីង មិត្តភក្តិ ទាំងអស់ដែលបានផ្ញើសារជូនពរ សូមឆ្នាំថ្មីនេះជោគជ័យគ្រប់ភារៈកិច្ចការងារ ប្រាថ្នាអ្វីសូមបានដូចបំណង»។
ដោយឡែកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ឧកញ៉ា ប៊ុន រតនា ហៅសេម បានបង្ហោះឧបសម្ពន្ធទី៣ និងទី៦ ពាក់ព័ន្ធគំរូឯកសណ្ឋានគោរមងារឧកញ៉ា និងគំរូសញ្ញាសក្ដិ មេដាយ បន្តោងខ្សែក និងខ្សែក្រវាត់សម្រាប់ឧកញ៉ា ភ្ជាប់ជាមួយឯកសណ្ឋានថ្មីរបស់ខ្លួន ដោយបញ្ជាក់ថា «ឯកសណ្ឋានសម្រាប់គោរមងារ«ឧកញ៉ា» អរគុណសន្តិភាព»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកសរសើរជាច្រើន ក្នុងនោះ ពួកគេ បានបញ្ចេញមតិថា «បងឧកញ៉ាស្អាតសង្ហាណាស់ ហើយសក្ដិសមនឹងបរមងារនេះណាស់, សង្ហាណាស់បង សេម ឧកញ៉ា វ័យក្មេង, សង្ហាណាស់បង, ពិតជាសង្ហាណាស់លោកពូ , សង្ហា ណាស់ លោកឧកញ៉ា, មិនហ៊ានហៅថាពូសេមទៀតទេចឹងនោះ បើពូសេមក្លាយជាឧកញ៉ាហើយ»។
គួរបញ្ជាក់ថា លោក ប៊ុន រតនា ជាអតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោន ហើយ ស្នាដៃបទចម្រៀងដ៏ល្បីល្បាញរបស់លោក រួមមានដូចជា I am sorry, អស់ឱកាស, សុំពេលឈឺ ចាប់មួយគ្រា, បើបងក្បត់ខ្ញុំសូមឱ្យអត់កូនប្រើ, ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូច ចិត្តជាទម្ងន់, ក្រែងចិត្តសង្សារចាស់, ពេលគេងលក់ទើបអាចភ្លេចបង, ពុកខ្ញុំជាប៉ូលិសចរាចរណ៍ និងបទចម្រៀងល្បីៗជាច្រើនទៀតផងដែរ។
សូមរំលឹកថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្លាស់ប្តូរ ឬដំឡើងថ្លៃចំពោះគោរមងារ «ឧកញ៉ា» ដល់សប្បុរសជនណាដែលមានបំណងចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានតម្លៃចាប់ពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានទទួលគោរមងារជា «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ។
យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបោះត្រា និងចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានសម្រេចថា ចំណុចទី១មាត្រាទី២នៃអនុក្រឹត្យលេខ១៥ ចុះថ្ងៃទី០៤ មេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖
តាមសេចក្តីសម្រេច១ថ្មី-សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកាឬសម្ភារ ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ អនុក្រឹត្យដដែលនោះ បានឲ្យដឹងទៀតថា ចំពោះសប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកាឬសម្ភារ ដែលមានតម្លៃលើសពី៥០ម៉ឺន ដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទាន គោរមងារជា «ឧកញ៉ា» ។ បទប្បញ្ញតិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
ពាក្យ«ឧកញ៉ា» បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានសរសេរថា មានថ្នាក់ជានាមជាពាក្យប្រើសម្រាប់តែឋានន្តរសក្ដិនៃមន្ត្រីថ្នាក់ខ្ពស់សំដៅសេចក្ដីថា «អ្នកចេះដឹង ត្រួតត្រាមុខការក្នុងក្រសួង ស្ថាប័ន ឬនាទីរបស់ខ្លួន» មកពីពាក្យ ឧកឬអុក ត្រួតត្រាពេញអំណាច បូកនឹង ញា ដឹង ចេះ ស្គាល់ ទៅជា «ឧកញ៉ា»៕