ភ្នំពេញ ៖ ម្ចាស់ហាងពេជ្រ និងជាម្ចាស់លក់គ្រឿងសម្អាងដ៏ល្បី ទ្រី ដាណា បានញញឹមម្នាក់ឯង ពេលនឹកឃើញ លោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស បានសរសើរខ្លួនថា មុខដូចតួកុនពីដើមនោះ។
ម្ចាស់ហាងចិត្តធម៌រូបនេះ បានបង្ហោះរូបថតមួយសន្លឹក ពេលចុះសួរសុខទុក្ខលោកយាយនាពេលកន្លងមក នៅមុននេះបន្តិច ដោយសរសេររៀបរាប់ថា «នឹកឃើញលោកយាយ ក៏ញញឹមតែម្នាក់ឯង បងប្អូនដឹងទេ ម៉េចបានលោកយាយសើចចឹង? គាត់មកចាប់ដៃខ្ញុំ គាត់ថាចៅឯងមុខស្រដៀងពីណាគេទេ… មុខឱ្យឡើងដូចតួកុនពីដើម។ អូយ ប្រកែកគាត់ញ័រមាត់ អត់ទេលោកយាយ តែក្នុងចិត្តដូចរំភើបម៉េចមិនដឹង គិតទៅ អត់ស៊ីជោរទេ តែលួចជោរ »។
ជាមួយគ្នានេះ មានការបញ្ចេញមតិជាច្រើនជុំវិញការលើកឡើងខាងលើនេះ ក្នុងនោះ ក៏មានការឯកភាពនឹងសម្ដីរបស់លោកយាយផងដែរថា អ្នកនាងទ្រី ដាណា ពិតជាមានរូបសម្រស់ដូចតារាមែន។
គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ម្ចាស់ហាងពេជ្រ និងជាម្ចាស់លក់គ្រឿងសម្អាងដ៏ល្បី ទ្រី ដាណា រួមនឹងក្រុមការងារ បានស្កាត់ ចុះទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស ដល់ខេត្តស្ទឹងត្រែង ស្របពេលលោកយាយកំពុងមានជំងឺនោះ។
ក្នុងការចុះសួរសុខទុក្ខនេះ អ្នកស្រី ក៏បានជូនថវិកា៣ពាន់ដុល្លារដល់លោកយាយផងដែរ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វី ដែលលោកតាបន្សល់ទុក។ អ្នកស្រីបានបញ្ជាក់ ក្រោយពេលចុះសួរសុខទុក្ខលោកយាយថា ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ
តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។ លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង ឮហើយរំភើបចិត្តណាស់»៕