ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ភាគច្រើនច្បាស់ជាបានស្គាល់រួចមកហើយនូវកុមារា ធុច សាលិ ដែលជាអតីតក្មេងលក់វត្ថុអនុស្សាវរីយ៍ម្នាក់ នៅអង្គរវត្ត អាចនិយាយបានរហូតដល់១៥ភាសា ផ្ទុះការសរសើរល្បីល្បាញដល់ក្រៅប្រទេសនោះ។
ការដែលរូបគេល្បីល្បាញ មានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ ដោយសារតែ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Venus Gwc បានថតវីដេអូពីសកម្មភាពរូបគេ និយាយច្រើនភាសាក្នុងពេលលក់វត្ថុអនុស្សាវរីយ៍ រួចបង្ហោះវីដេអូ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីឲ្យមហាជនឃើញពីសមត្ថភាពរូបគេនោះ។
ដោយហេតុនេះហើយ ទើបសាលិ ទទួលបានការពេញចិត្តពីសប្បុរសជននានា និងជួយឧបត្ថម្ភ ជាហូរហែ ជាពិសេសក្មេងប្រុសដែលចេះ១៥ភាសានេះ មានឱកាស បានទៅរៀននៅសាលា ឯកជនមួយកន្លែងក្នុងខេត្ត Zhejiang ភាគខាងកើតនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន ព្រមទាំងក្រុមគ្រួសារ។
តាំងពីល្បីល្បាញនោះមក សាលិ ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាថ្មី កាលពីអំឡុងឆ្នាំ២០២០ ដោយសារតែរូបគេឡើងកម្មវិធីទូរទស្សន៍ ចិនដ៏ល្បី CCTV ដោយគេសង្កេតឃើញមានទស្សនិកជនដែលទស្សនាផ្ទាល់ សាទរហ៊ោកញ្ជ្រៀវពេញកម្មវិធី ស្វាគមន៍វត្តមានរបស់សាលិនោះ។
ដោយឡែកថ្មីៗនេះ ស្រាប់តែគេប្រទះឃើញរូបថតប៉ុន្មានសន្លឹករបស់សាលិ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាថ្មីទៀត ត្រង់ថា ពេលនេះ រូបគេមានវ័យ១៨ឆ្នាំហើយ ជាមួយរូបរាងខ្ពស់ ពេញកំលោះស្ដូក បើប្រៀបធៀបពីពេលមុនឃើញថា ខុសគ្នាឆ្ងាយណាស់ មើលសឹងមិនស្គាល់ទៀតផង។
តាមរយៈរូបថតរបស់សាលិ ដែលបង្ហោះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សុទ្ធតែត្រូវបាន អ្នកលេងបណ្ដាញសង្គមជាច្រើន លើកសរសើរស្រដៀងៗគ្នាថា «ស្អាតណាស់អូន, So cute, Handsome, Beautiful, ប្រុសស្អាត»៕ សូមទស្សនាវីដេអូ ផ្ដើមឲ្យសាលិ មានកេរ្ដិ៍ល្បីដូចសព្វថ្ងៃ ខាងក្រោមនេះ ទាំងអស់គ្នា ៖