គេនៅចាំបានថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ ហើយរហូតមកទល់ពេលនេះ ទទួលបានចំណងដៃកូនប្រុសចំនួន៣នាក់ ដែលជាតារាចម្រៀងផងដែរ រួមមាន សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ។
បើទោះកូនរបស់លោកកំលោះៗអស់ហើយក៏ដោយ តែសេចក្ដីស្នេហារបស់លោកព្រាប សុវត្ថិ និងភរិយា មើលទៅកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើរតែលើសគូស្នេហាថ្មោងថ្មីទៅទៀត។ ចំណុចនេះ ជាគំរូដ៏ល្អមួយសម្រាប់អ្នកគាំទ្ររបស់លោក ហើយពួកគេតែងតែសរសើរគ្រួសារលោកមិនដាច់ពីមាត់នោះទេ។
ជាក់ស្ដែង កាលពីអំឡុងចូលរួមក្នុងពិធីរៀបមង្គលការរបស់ប្អូនថ្លៃអ្នកឧកញ៉ា ឡេង ណាវ៉ាត្រានោះ លោកព្រាប សុវត្ថិ និងភរិយា បានដឹកនាំគ្នាឡើងរាំយ៉ាងសប្បាយរីករាយ ហើយមានការយកបាច់ផ្កាទៅជូនដល់ស្វាមីពីសំណាក់ភរិយារបស់លោកទៀតផង។ លុះពេលទៅចូលរួមពិធីរៀបមង្គលការប្អូនស្រីពៅ របស់អ្នកឧកញ៉ា កាលពីម្សិលមិញវិញ ក៏មិនខុសពីពេលមុននោះដែរ។
នៅក្នុងពិធីមង្គលការនោះ គេសង្កេតឃើញវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងសិល្បករជាច្រើនរូប។ ក្នុងចំណោមសិល្បករជាច្រើន ដែលបានចូលរួមនោះ ពួកគេ បានដឹកដៃភរិយា និងមនុស្សពិសេសឡើងរាំ មើលទៅស្វីតដល់ហើយ ក្នុងនោះ មានដូចជា ព្រាប សុវត្ថិ និងភរិយា, ខេមរៈ សិរីមន្ត និងភរិយា, លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា, ខេម និងមនុស្សពិសេស, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា, ឧកញ៉ា ឡេង និមល និងភរិយា, ឧកញ៉ា ឡេង ប្រុស និងភរិយា។
ចំពោះលោក ព្រាប សុវត្ថិ ក្រោយពីបានចូលរួមក្នុងពិធីនោះ ហើយឡើងរាំ និងច្រៀង យ៉ាងផ្អែមល្ហែមរួចមក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកបាន បង្ហោះរូបថតដ៏ផ្អែមល្ហែមទាំងនោះ ហើយប្រាប់យ៉ាងខ្លីថា «សេចក្តីសុខគ្រួសារគឺ ស្នាមញញឹម»។
តាមរយៈនេះ អ្នកគាំទ្រ របស់លោក បានលើកឡើងថា «ហ្វេនៗលើសជាតិស្ករហើយ, គួរឲ្យស្រឡាញ់ណាស់បងទាំងពីរ, កូនកំលោះអស់ហើយនៅតែsweetទៀតidol, ពិតណាស់បង អាយដល់, មេនហើយអាយដល.ស្នាមញញឹមសំខាន់ណាស់.សម្រាប់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ..បាទអាយដល, អាយដល១ជីវិត, ស្រីស្អាតបុរសសង្ហារ សមគ្នាណាស់អាយដល»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖