ក្រោយពីមានរឿងរ៉ាវចម្រូងចម្រាសរឿងចង់លេបទ្រព្យសម្បត្តិ ដែលរកស៊ីរួមគ្នាជាមួយអតីតមិត្តប្រុស រហូតត្រូវមហាជនរិះគន់ពេញៗមាត់នោះ ទីបំផុត ម្ចាស់ហាង V Shopបានចេញមុខបញ្ជាក់ហើយថា ការតស៊ូពីដំបូងរបស់ខ្លួនគ្មានវត្តមានអ្នកណាជួយនោះឡើយ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ម្ចាស់ហាងV Shop បានរៀបរាប់យ៉ាងវែងអន្លាយថា «ខ្ញុំដឹងថា សម្រាប់អ្នកទាំងអស់គ្នា តែងតែគិតថា នៅពីក្រោយភាពជោគជ័យរបស់នារីម្នាក់ តែងតែមនុស្សប្រុសនៅពីក្រោយខ្នង អាចទេប្ដូរផ្នត់គំនិតគិតបែបនេះខ្លះ? ខ្ញុំអាចនិយាយបានថា មិនមែនមានតែខ្ញុំទេ ដែលជាមនុស្សស្រីម្នាក់ដែលរឹងមាំ និងតស៊ូ ដោយខ្លួនឯង។
ខ្ញុំដឹងថា ខ្ញុំនិយាយអ្វីពេលនេះក៏អ្នកទាំងអស់គ្នាមិនជឿដែរ ព្រោះផ្នត់គំនិតអ្នកទាំងអស់គ្នា មនុស្សស្រីសុទ្ធតែទន់ខ្សោយ គ្មានមនុស្សប្រុសជួយធ្វើមិនបានទេ។ ដោយសារអ្នកទាំងអស់គ្នាមានគំនិតបែបនេះហើយ ទើបមនុស្សស្រីភាគច្រើនមិនមានកម្លាំងចិត្តក្រោកឈរឡើង រកលុយដោយខ្លួនឯង ដើម្បីជៀសពីការរំពឹងលើប្តី។
ធ្វើអោយមនុស្សប្រុសមួយចំនួនមើលងាយ មិនអោយតម្លៃ ហើយមនុស្សស្រីយើងគ្មានជម្រើសអ្វីក្រៅពីទ្រាំខាំមាត់សង្កត់ចិត្ត ទទួលពាក្យមើលងាយពីមនុស្សប្រុស និង គ្រួសារសាច់ញាតិខាងគេ។រូបភាពទាំងអស់នេះ គឺជារូបភាពដំបូងកាលខ្ញុំមិនទាន់ស្គាល់អតីតមិត្តប្រុសរបស់ខ្ញុំ។ ខ្ញុំមកនៅថៃបាន ១០ខែហើយ ទើបជួបគាត់។
ខ្ញុំចាប់ផ្តើម និងមានមុខរបររបស់ខ្ញុំស្រាប់ហើយ ខ្ញុំបានបង្កើតវាឡើងដោយខ្លួនឯងដោយគ្មានអ្នកណាម្នាក់មកជួយឡើយ។ ដើមទុនក៏ខ្ញុំជាអ្នកសន្សំដោយខ្លួនឯង ត្រួសត្រាយផ្លូវដោយខ្លួនឯង រហូតឈរជើងនឹង ដោយមិនមានអ្នកណាមកប្រាប់ខ្ញុំថាត្រូវធ្វើដូចម្តេចឡើយ។
បើសិនជាមិត្តភក្តិ ឬបងៗអ្នកដែលស្គាល់ខ្ញុំតាំងពី 7-8 ឆ្នាំមុន ប្រហែលជាស្គាល់ និងយល់ច្បាស់ តាំងពីលក់អនឡាញដំបូងខ្ញុំតស៊ូយ៉ាងម៉េចខ្លះ។ រៀនបណ្ដើរលក់អនឡាញបណ្ដើរ ដឹកអីវ៉ាន់អោយគេខ្លួនឯងបណ្ដើរ ព្រឹកទៅទិញអីវ៉ាន់ ថ្ងៃដឹកអោយគេ យប់ទៅរៀនទៀត។
ដល់ក្រោយមកអនឡាយលក់មិនសូវដាច់ក៏សម្រេចចិត្តចាកចេញពីស្រុកកំណើតតែម្នាក់ឯង លុយក្នុងដៃមានតែតិចទេ ទៅរស់នៅថៃទាំងមិនស្គាល់ទិសតំបន់ មិនចេះនិយាយ សួរថា មនុស្សស្រីមានប៉ុន្មានអ្នកហ៊ានធ្វើ។ មកតែម្នាក់ឯងសុទ្ធ គ្មានបងប្អូន មិត្តភក្តិកំដរជូនមកទេ ដើរតាមដងវិថីផ្សងព្រេងគ្រប់ទិសទី។
មួយថ្ងៃដើរប្រមូលអីវ៉ាន់ជាង១០ម៉ោង ចុកជើងងទេ? ម៉ោង៣យប់បានបានគេង ត្រូវភ្ញាក់ម៉ោង៦:០០វិញទៀត មួយថ្ងៃគេងបានតែ៣ម៉ោងទេ។ ញាំតែម្ហូបក្លាសេទូទឹកកករាល់ថ្ងៃ ដើម្បីបំពេញក្រពះ។ ពេលនោះគាត់នៅឯណា? ហើយខ្ញុំធ្វើបានទេ? ខ្ញុំសូមអភ័យទោស បើខ្ញុំនិយាយទៅមានការទាស់ខុសត្រង់កន្លែងណាមួយ»៕