ប្រិយមិត្ត ឪពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាកំប្លែងដ៏ល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានឡាយវីដេអូ ដោយដាក់Captionយ៉ាងភ្ញាក់ផ្អើលថា «បើខ្ញុំឈប់ពីសិល្បៈ តើបងប្អូននៅគាំទ្រ និងស្រឡាញ់ខ្ញុំអត់?»។
នៅក្នុងការឡាយនោះ អ្នកនាងខ្ញុង បានបញ្ជាក់ថា ទោះខ្លួនឈប់ពីសិល្បៈក៏ពិតមែន តែអ្នកនាងនៅតែថតវីដេអូកំប្លែងបែបខ្លីៗបម្រើអារម្មណ៍ទស្សនិកជនដដែល។ ទោះយ៉ាងណា នៅពេលនោះ អ្នកនាង ទំនងជាអន់ចិត្តខ្លាំងហើយ ទើបដាក់Caption និង និយាយពីការចង់ឈប់ពីសិល្បៈនោះ។
ដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកនាងខ្ញុង បានប្រកាសហើយថា នាងគ្រាន់តែឈប់ពីការបម្រើការងារនៅស្ថានីយទូរទស្សន៍CTNប៉ុណ្ណោះ។ ចំណែការងារសិល្បៈ អ្នកនាង គ្មានថ្ងៃបោះបង់នោះឡើយ ហើយបើCTNនៅតែហៅនាងថត នាងនៅតែថតដដែល។
នៅក្នុងបទសម្ភាសន៍នោះ ដៃគូ ដ៏សក្ដសិមរបស់លោកពែកមី រូបនេះ បានបញ្ជាក់ថា «ដែលមានការយល់ច្រឡំថា នាងខ្ញុំឈប់ពីសិល្បៈនេះ ជាកំហុសរបស់ខ្ញុំ ដែលខ្ញុំសរសេរCaptionខាងលើដាក់ថា (បើខ្ញុំឈប់ពីសិល្បៈ តើបងប្អូននៅគាំទ្រ និងស្រឡាញ់ខ្ញុំអត់?) វាជាកំហុសរបស់ខ្ញុំ ខ្ញុំសូមទោសផងដែរ»។
ខ្ញុងបន្តថា «តាមពិតទៅ ខ្ញុំមិនមែនលាឈប់ពីសិល្បៈទេ តែខ្ញុំបំណង គឺលាឈប់ពី CTN, ចឹងខ្ញុំសូមនិយាយពីមូលហេតុ។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍CTN, My TV , CNC, និយាយរួមCBSទាំងមូលតែម្ដង។ សូមអរគុណដល់លោកពុកវ៉ិចទ័រ , សូមអរគុណដល់ក្រុមកំប្លែង, និយាយរួមអរគុណខ្លាំងដល់បុគ្គលិកCTNទាំងអស់ ដែលខ្ញុំធ្វើការនៅទីនោះរយៈពេល១២ឆ្នាំហើយ។
ចឹងបងប្អូនខ្លះ គាត់ឆ្ងល់ថា ចុះហេតុអ្វីបានដកខ្លួនចេញពីកុងត្រា មានបំណងចង់ទៅណាមែន, សម្រាប់ខ្ញុំ គឺអត់មានបំណងចង់ទៅណាទេ ខ្ញុំអត់បោះបង់ចោលសិល្បៈទេ ខ្ញុំស្រឡាញ់ណាស់ ខ្ញុំតស៊ូតាំងពីអូនពីងនៅបីទទឹង រហូតដល់កូនខ្ញុំបាន១០ឆ្នាំ ជាងហើយ ចូល១២ឆ្នាំ ដែលខ្ញុំតស៊ូ ជាមួយសិល្បៈនេះ ហើយមានមុខមានមុខមានកេរ្តិ៍ឈ្មោះល្បីល្បាញ បងប្អូនស្គាល់ទូទាំងប្រទេស ដោយសារតែCTN»។
តារាកំប្លែងដ៏ល្បីរូបនេះបន្តទៀតថា « ដោយសារតែCTNធ្វើឲ្យខ្ញុំមានថ្ងៃនេះ តែខ្ញុំបែរជាបោះបង់ចោលCTN អត់យកប្រាក់ខែ ដោយសារតែ តាំងពីខ្ញុំចាប់ផ្ដើមទម្ងន់កូនខ្ញុំក្រោយនេះមក គឺខ្ញុំត្រូវមានភារកិច្ចខ្លាំងបំផុត ថែរក្សាកូនខ្ញុំ ព្រោះបងប្អូនដឹងហើយ កូនខ្ញុំកើតអត់គ្រប់គីឡូទេ កូនខ្ញុំកើតអត់គ្រប់ខែទេ អីចឹងត្រូវការមើលការខុសត្រូវដិតដល់ពីនាងខ្ញុំណាស់ ហើយវាចូលដល់សម័យកូវីដចេះទៀត គឺខ្ញុំអត់អាចយកអ្នកក្រៅមកមើលកូនខ្ញុំបានទេ ខ្ញុំរាល់ថ្ងៃជាមួយប្ដីប្រពន្ធតទល់។ ចឹងភារកិច្ច ដែលខ្ញុំត្រូវមើលកូន គឺម្នាក់ឯងសុទ្ធសាធ»។
ខ្ញុងបន្តថា «អ៊ីចឹងការដែលបើកប្រាក់ខែពី CTN ខ្ញុំរអៀសខ្លួនណាស់ ទាំងដែលខ្ញុំធ្វើការអត់បានដិតដល់ ស៊ីប្រាក់ខែរបស់ CTN ប៉ុន្តែថ្ងៃខ្លះខ្ញុំអត់សូវបានទៅលេងឲ្យ CTN ទេ អ៊ីចឹងខ្ញុំមានការរអៀសខ្លួន ទើបខ្ញុំសុំពុក វ៉ិចទ័រ សុំបញ្ឈប់កុងត្រារបស់ខ្ញុំពី CTN តែបើហៅខ្ញុំទៅថតគ្រប់កម្មវិធី របស់ CTN ខ្ញុំនៅតែទៅ នៅតែមានវត្តមានខ្ញុំទៅ បើនៅតែទទួលខ្ញុំថត…»។
ឆ្លើយទៅនឹងសំណួរ ដែលថាខ្លួន មានមកដល់ចំណុចនេះ ដោយសារសិល្បៈនោះ ខ្ញុងឆ្លើយថា «ខ្ញុំទទួលស្គាល់ ខ្ញុំមកដល់ចំណុចនេះ ដោយសារសិល្បៈ។ ខ្ញុំបដិសេធទាំងសម្រាប់ ចំពោះបងប្អូន ដែលថា ចាប់ផ្ដើមមានបាន មានទ្រព្យសម្បត្តិច្រើន បោះបង់សិល្បៈ។
បងប្អូន អាចនឹងមើលមកថាខ្ញុំធូរធារ តែខ្ញុំអត់អាចបរិយាយបាននៅពេលនេះទេ ខ្ញុំទុកឲ្យបងប្អូនស្វែងយល់ បើសិនខ្ញុំធូរធារ ខ្ញុំស្រួល ខ្ញុំអត់លក់ប្រហុក លក់ផ្អក ដែលចំណេញតិចហ្នឹងទេ, ប៉ុន្តែចង់និយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង បងប្អូនអត់អាច មើលមកខ្ញុំភ្នែកទទេ ទេ ខ្ញុំប្រឹងណាស់រាល់ថ្ងៃ ខំណាស់…»។
ឆ្លើយទៅនឹងសំណួរថាតើ ទៅថ្ងៃខាងមុខ ខ្ញុង នឹងអាចបោះបង់អាជីពជាអ្នកសិល្បៈដែរ ឬយ៉ាងណានោះ, តារាកំប្លែងស្រី ដ៏ល្បីរូបនេះ បញ្ជាក់ថា «ខ្ញុំគ្មានថ្ងៃបោះបង់ចោលសិល្បៈដាច់ខាត ព្រោះសិល្បៈជាបេះដូង សិល្បៈជាជីវិត សិល្បៈជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំនៅពេលនេះ កាលដែលខ្ញុំប្រកាសចង់ឈប់ពីសិល្បៈព្រោះខ្ញុំមានអារម្មណ៍ខ្មាសអៀន ដែលធ្វើការឲ្យស្ថាប័នមួយ មិនបានល្អហើយ បើកលុយគាត់រាល់ខែ, ហើយមានអារម្មណ៍តូចចិត្ត ធ្វើឲ្យពុកពិបាក ពុក វ៉ិចទ័រ ត្រូវដោះស្រាយ គ្រប់បញ្ហា ពេលខ្ញុំអត់ទៅលេងកម្មវិធីរាត្រីកម្សាន្ត ពុកពិបាកណាស់ ត្រូវដោះស្រាយ ផ្លាស់ប្តូរតួ ផ្លាស់ប្តូរលុយ…»៕