តារាចម្រៀង និងសម្ដែងលោក ហេង ប៊ុនលាភ ត្រូវបានប្រភពមួយទម្លាយឱ្យដឹងថា កំពុងតែសម្រាកព្យាបាលជំងឺនៅឯប្រទេសថៃ ខណៈកាលពីថ្មីៗកន្លងទៅនេះ លោកទើបតែប្រកាសដើរចូលវិស័យសិល្បៈវិញ ហើយដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ។
ថ្លែងប្រាប់តារាញូស៍ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ នេះ ប្រុសប្អូនរបស់លោក ហេង ប៊ុនលាភ បានឱ្យដឹងថា បងប្រុសរបស់ខ្លួន បានកំពុងតែសម្រាកព្យាបាលនៅប្រទេសថៃ ខណៈលោកមានជំងឺតម្រងនោមធ្ងន់ធ្ងរ និងត្រូវប្រើរយៈពេលរហូតដល់ជាង១០ថ្ងៃដើម្បីព្យាបាល ។
ប្រភពដែលប្អូនប្រុសលោក ហេង ប៊ុនលាភ ដដែលបានបន្តទៀតឱ្យដឹងថា សុខភាព និងការហូបចុករបស់លោក ហេង ប៊ុនលាភ គឺនៅធម្មតា ប៉ុន្តែបញ្ហាតម្រងនោមនោះហាក់ធ្ងន់ធ្ងរ បើនៅពន្យាពេលទៀតអាចឈានដល់ការលាងឈាម ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ហេង ប៊ុនលាភបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងមន្ទីរពេទ្យ និងកំពុងទទួលការព្យាបាលផងដែរ។ តារាចម្រៀង និងជាតារាសម្ដែងលោក ហេង ប៊ុនលាព បានសំណូមពរដល់មហាជនទូទៅថែរក្សាសុខភាពជីវិត ដើម្បីពិភពលោកដ៏ស្រស់បំព្រង ព្រោះគ្រប់យ៉ាងបានបាត់បង់បណ្ដើរៗហើយ។
គួរបញ្ជាក់ដែរថា កាលពីថ្មីៗនេះមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញតារាចម្រៀង និងសម្ដែងលោក ហេង ប៊ុនលាភ ប្រកាសចូលបម្រើវិស័យសិល្បៈឡើងវិញ ក្រោយពីលោកបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ។
ប៉ុន្តែក៏មានការភ្ញាក់ផ្អើលជាថ្មី ខណៈដែលលោកត្រូវបានគេទម្លាយថា កំពុងតែមានជំងឺតម្រងនោមធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅប្រទេសថៃ ។ ជាមួយគ្នានោះ សិល្បករសិល្បការិនី មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បានសម្ដែងនូវក្ដីព្រួយបារម្ភ និងជូនពរលោក ហេង ប៊ុនលាភ ឱ្យឆាប់ជាសះស្បើយផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖