នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនលោក ប៊ុន ផាក ហៅគ្រូជោគជ័យ មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការក្លែងបន្លំជាមេធាវី។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ «ពិជ័យ ប៉ាកកាមាស ពិជ័យ ប៉ាកកាមាស» បានបង្ហោះវីដេអូ អមដោយលិខិតស្នើសុំអន្តរាគមន៍ កាលពីថ្ងៃទី៣ ខែធ្នូ ហើយលើកចម្ងល់ថា «គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជួយបកស្រាយថា ៖ បុគ្គលណា តាំងខ្លួនជា មេធាវីក្លែងក្លាយ មានពិរុទ្ធ(មានបទល្មើស)អត់? ច្បាប់ផ្ដន្ទាទោស បុគ្គលជោគជ័យ ឈ្មោះ ប៊ុន ផាក ហើយបងប្អូន….!
ប្រភពបន្តលើកជាសំណួរថា «តើបុគ្គលដែលមហាជនស្គាល់ថាជាគ្រូជោគជ័យ ឈ្មោះ ប៊ុន ផាក នេះជាមេធាវីមែនឬទេ? ខណៈ ដែលបុគ្គលរូបនេះបានចេញមុខអះអាងតាមរយៈវីដេអូខលចំពោះសមត្ថកិច្ច ច្បាស់ៗថា ខ្លួនជាមេធាវី ចូលមកដោះស្រាយបញ្ហារបស់ក្រុមគ្រួសារគេបែបនេះ….ចុះបើបុគ្គលប៊ុនផាកនេះមិនមែនជាមេធាវីស្របច្បាប់ តើច្បាប់នឹងធ្វើបែបណាចំពោះគាត់?»។
គួរបញ្ជាក់ថា គ្រូបង្រៀនវិធីសាស្រ្តជោគជ័យ ឈ្មោះ ប៊ុន ផាក ត្រូវបានម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក (BunPak ) អាយុ ២៨ឆ្នាំ ដែលមហាជនភាគច្រើនស្គាល់ថា ជាអ្នកបង្ហាត់បង្ហាញលើជំនួញជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុន Camazone បំរើសេវាកម្មទិញទំនិញពីក្រៅស្រុកមកខ្មែរ ៕