គេនៅចាំបានថា នៅពេលអ្នកនាងខ្ញុង ប្រកាសរឿងក្ស័យធន ហើយសុំជំនួយពីអ្នកគាំទ្រម្នាក់១ដុល្លារដើម្បីដោះបំណុលដ៏ច្រើននោះ មានអ្នកសិល្បៈមួយចំនួន ជាន់ពន្លិចនាង និងនិយាយឌឺដង ផ្លែផ្កា ចំអកឡកឡឺយជាបន្តបន្ទាប់។
ទោះយ៉ាងណា ភ្លាមៗនោះ អ្នកនាងខ្ញុង មិនបានធ្វើការឆ្លើយតបឡើយ តែនៅពេលនេះ ទំនងជាទ្រាំលែងបាន ហើយនឹកឃើញរឿងទាំងនេះ ទើបនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ រៀបរាប់រឿងរ៉ាវ ជុំវិញអ្វី ដែលនាងជួបប្រទះតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតកូនរបស់ខ្លួន អ្នកនាងខ្ញុង បានរៀបរាប់ដូច្នេះថា «អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច នៅពីក្រោយការបរាជ័យរបស់ខ្ញុំ ធ្វើឲ្យខ្ញុំស្គាល់មនុស្សជាច្រើន ស្គាល់មនុស្សល្អពិតប្រាកដ ស្គាល់មនុស្សអាក្រក់ពិតប្រាកដ ស្គាល់អ្នកលើកតម្កើងពិតប្រាកដ និងស្គាល់អ្នកជាន់ពន្លិចពិតប្រាកដ
ខ្ញុំដួលកន្លែងហ្នឹង ខ្ញុំក៏ប្រឹងងើបវិញនៅកន្លែងហ្នឹងដូចគ្នា ខ្ញុំកំពុងតែតោងឈរ ហើយក៏រឹងមាំដើម្បីបន្តជីវិត តស៊ូរស់យកឈ្នះភាពបរាជ័យឲ្យបាន ទន្ទឹមនឹងការក្រោកឈរនេះ ខ្ញុំក៏គ្មានថ្ងៃភ្លេចបងប្អូនសប្បុរសធម៌ជាច្រើននាក់ ដែលផ្ដល់ជំនួយ និងទំនុកបំរុងឱ្យខ្ញុំ នឹងមានមុខរបស់ថ្មីផ្ដើមជីវិតជាថ្មីជាមួយគ្រួសារមួយនេះ
និងអរគុណដល់ម្ចាស់បំណុលគ្រប់រូប ដែលយកយោគយល់អធ្យាស្រ័យទុកពេលវេលាសម្រាប់ខ្ញុំ អរគុណប្ដីសម្លាញ់ ដែលនៅក្បែរខ្ញុំ មិនបោះបង់ខ្ញុំ ហើយខ្ញុំក៏រឹតតែចងចាំថែមទៀតជាមួយនឹងអ្នកសិល្បៈដូចគ្នា មួយចំនួនតូច ដែលមិនឲ្យតម្លៃថែមទាំងជាន់ពន្លិចមើលងាយបន្ទាបបន្ថោកចំអកឌឺដងផ្លែផ្កាឱ្យខ្ញុំ ខ្ញុំ នឹងចងចាំជារៀងរហូត
ហើយក៏ជូនពរកុំអោយអ្នកជួបបញ្ហាដូចខ្ញុំ វប្បធម៌ក្តិចត្រួយ ដែលខ្ញុំបានស្គាល់ និងឃើញច្បាស់ នឹងភ្នែក វានឹងឋិតក្នុងបេះដូងខ្ញុំជារៀងរហូត ការងារដែលខ្ញុំស្រលាញ់ខ្ញុំនៅតែបន្តធ្វើសម្រាប់អ្នក ដែលស្រលាញ់គាំទ្រខ្ញុំ និងឱ្យតម្លៃខ្ញុំ តែកន្លែង ដែលខ្ញុំមិនចង់ត្រឡប់ទៅហើយក៏គ្មានថ្ងៃទៅគឺជាកន្លែងដែលខ្ញុំស្គាល់ច្បាស់ហើយក៏មិនចង់រំខាន និងប៉ះពាល់ដល់កិត្តិយសអ្នកណា»៕