បុរសម្នាក់ បានរៀបរាប់ទាំងអួលដើមក ពាក់ព័ន្ធនឹងគូស្នេហ៍របស់ខ្លួន ដែលធ្លាប់កម្សត់កម្រជាមួយគ្នា ហែលឆ្លងឧបសគ្គ រហូតមានអ្វីគ្រប់យ៉ាង បែរជាក្ប,ត់រូបលោក ហើយទៅមានជនទី៣ ប្ដូរចរិតទៅជាមនុស្សមនុស្សផ្សេងនោះ។
បុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Richard Hann» បានបង្ហោះរូបថត និងវីដេអូ ជាច្រើន នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ អមដោយសាររៀបរាប់ទាំងឈឺចាប់ថា «ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្ប.ត់បង អូនចោលបង អូនចោលទាំងអនុស្សាវរីយ រយៈពេលជិត5ឆ្នាំកន្លងមកនេះ
យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាង ដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកម្សត់ ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។
ម៉ាក់ប៉ាបងប្អូនដឹងឮទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្ដូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង»។
ក្រោយពីមានការបង្ហោះសារបែបនេះរួចមក មហាជនជាច្រើនមានការចាប់អារម្មណ៍ ចូលរួមបញ្ចេញមតិព្រោងព្រាត និងចែករំលែកជាបន្តបន្ទាប់ជិត១ម៉ឺនដងទៅហើយ។ ក្រោយមកទៀត ក៏មានការទម្លាយរូបថត បង្ហាញមុខជនទី៣ ដែលបំបែកស្នេហ៍បុរសខាងលើនោះទៀតផង។
តាមរយៈរូបថត ដែលគេចែករំលែកឃើញថា ជន ទី៣នោះ ជាគ្រូជោគជ័យម្នាក់ឈ្មោះ «Bun Pak»។ ជុំវិញការចោទប្រកាន់នេះ, រហូតមកដល់ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ មិនទាន់មានការបកស្រាយណាមួយពីលោកគ្រូជោគជ័យខាងលើនេះនៅឡើយទេ។ បើមានអ្វីប្រែប្រួល ឬយល់ច្រឡំនោះ យើងនឹងផ្សាយជូនបន្តទៀត៕