លោកអ្នក បានជ្រាបរួចមកហើយថា អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង និង នាយកៃដរ បានខិតខំខ្លាំងណាស់ ទាំងការងារផ្នែកសិល្បៈ និងការលក់ផលិតផលតាមអនឡាញ ដើម្បីរកលុយយកទៅសងបំណុលគេនោះ។
ស្របពេលកំពុងតែដុតដៃដុតជើងក្នុងការរកស៊ី ដើម្បីយកលុយទៅដោះបំណុលគេដ៏ច្រើននោះ ស្រាប់តែពេលនេះ នាយកៃដរ ធ្លាក់ខ្លួនឈឺ ខណៈអ្នកនាងខ្ញុង បានត្រឹមអាណិតស្វាមី និងជូនពរឲ្យឆាប់ជាប៉ុណ្ណោះ។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកនាង ខ្ញុង បានសម្ដែងការអាណិត និងជូនពរស្វាមី ដូច្នេះថា «សូមឲ្យបងឆាប់ជាពីជំងឺណាប្ដីសម្លាញ់ អូនជូនពរបងសូមឱ្យបងជោគជ័យគ្រប់ភារកិច្ចចាប់ពីថ្ងៃថ្មីខែថ្មីនេះតទៅ អាណិតបងណាស់»។
តាមរយៈនេះ មានអ្នកគាំទ្រជាច្រើន បានជូនពរឲ្យ នាយកៃដរ ឆាប់ជាពីជំងឺ ខណៈអ្នកខ្លះ មិនដឹងថា នាយកៃដរឈឺអ្វី ក៏លើកជាសំណួរ ផងដែរ ហើយជាការឆ្លើយតប អ្នកនាងខ្ញុង បានធ្វើការបញ្ជាក់ថា ស្វាមីរបស់ខ្លួនកើតជំងឺគ្រុនឈាម៕