តារាចម្រៀងរូបស្រស់សង្ហារបស់ផលិតកម្មសាន់ដេលោក ជ័យ សុវ៉ាត បន្ទាប់ពីបានចំណាយពេលវេលាជាងកន្លះឆ្នាំចុះជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មីៗនេះក៏បានឆ្លៀតពេលនាំម្ដាយ និងក្រុមគ្រូសារទៅសម្រាកលំហែកាយនៅទឹកដីប៉ែកឦសានយ៉ាងរីករាយ ខណៈបេសកកម្មជាគ្រូពេទ្យស្ម័គ្រចិត្តត្រូវបានបញ្ចប់ ។
តាមរយៈរូបភាពជាច្រើន និងវីដេអូដែលចែករំលែកនៅលើបណ្ដាញសង្គម និងការបញ្ជាក់តាមទូរស័ព្ទ ជ័យ សុវ៉ាត បានឱ្យតារាញូស៍ដឹងថា ខ្លួនពិតជាបាននាំម្ដាយ និងក្រុមគ្រួសារទៅសម្រាកលំហែកាយមែន ដោយក្នុងនោះគឺលោកបានចំណាយពេលប្រមាណ៣យប់ សម្រាកនៅទឹកដីខេត្តមណ្ឌលគិរី ជាទឹកដីដ៏សែនស្រស់ត្រកាល ។
ជ័យ សុវ៉ាត ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នបេសកកម្មជាគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកក៏បានបញ្ចប់ទៅហើយដែរ បន្ទាប់ពីបានចំណាយពេលប្រមាណជាងកន្លះឆ្នាំ ។ តារាចម្រៀងដែលទើបតែទទួលបានប្រជាប្រិយភាពតាមរយៈបទចម្រៀង «ស្រលាញ់អូនដល់កាន់ឈើច្រត» រូបនេះ ក៏បានអះអាងបន្ថែមទៀតដែរថា បើទោះជាការស្ម័គ្រចិត្តបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែខ្លួនហាក់ពុំមានពេលទំនេរច្រើនប៉ុន្មានឡើយ ពោលគឺលោកកំពុងមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ។
ជ័យ សុវ៉ាត បានឱ្យដឹងទៀតថា ពេលនេះលោកបានត្រៀមបទចម្រៀងជាច្រើនបទ សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ដែលមានទាំងចម្រៀងបែបមនោសញ្ចេតនា និងចម្រៀងចង្វាក់ញាក់សម្រាប់រាំកម្សាន្ដ ។ បទចម្រៀងទាំងនោះអាចនឹងចេញជាផ្លូវការនៅកំឡុងខែធ្នូខាងមុខនេះ ហើយលោកក៏រំពឹងទុកថានឹងមានការគាំទ្រផងដែរ ។
គួរបញ្ជាក់ថា លោក ជ័យ សុវ៉ាត គឺជាតារាចម្រៀងមួយរូបរបស់ផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នកំពុងទទួលបាននូវប្រជាប្រិយភាពតាមរយៈវិស័យចម្រៀង និងសកម្មភាពស្ម័គ្រចិត្តការងារសង្គមនានា ។ ជាក់ស្ដែងកំលោះសង្ហារូបនេះ ទើបតែបញ្ចប់បេសកកម្មជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ។
បើទោះជាយ៉ាងណាស្របពេលដែលបេសកកម្មត្រូវបានបញ្ចប់នោះ ជ័យ សុវ៉ាត ក៏បានធ្វើរឿងដ៏ប្រពៃមួយ ដោយឆ្លៀតពេលនាំម្ដាយ និងក្រុមគ្រួសារទៅសម្រាកលំហែកាយនៅខេត្តមណ្ឌលគិរីយ៉ាងរីករាយ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖