គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង យុគ ចិន្ដា បានជួបទុក្ខជាទម្ងន់ ដោយម្ដាយជាទីស្រឡាញ់ស្មើជីវិត ទទួលមរណភាពត្រឹមមួយប៉ប្រិចភ្នែក។
ក្រោយពីម្ដាយទទួលមរណភាពភ្លាមៗនោះ អ្នកនាងយំសោកបោកខ្លួនជាខ្លាំង ដោយមិននឹកស្មានថា អ្នកមានគុណទៅលឿនបែបនេះសោះ។ រហូតមកដល់ពេលនេះ ម្ដាយអ្នកនាង បានទទួលមរណភាពប្រមាណជាង៤ខែមកហើយ ហើយមុនបុណ្យ១០០ថ្ងៃរបស់ម្ដាយ អ្នកនាង យុគ ចិន្តា មានវិបត្តិផ្លូវចិត្តជាខ្លាំង។
ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយលោកអ៊ឹម ជីវ៉ា អ្នកនាង យុគ ចិន្តា បានលើកមូលហេតុពីការផ្លាស់ប្ដូរទៅរស់នៅស្ទឹងពពក នាខេត្តកោះកុង ក្នុងអំឡុងពេលកំពុងមានវិបត្តិថា តាមពិតទៅខ្លួនទិញដីនៅទីនោះរយៈពេល១៣ឆ្នាំហើយ ហើយបន្ទាប់ពីអ្នកម្ដាយចែកឋានទៅខ្លួនក្លាយជាមនុស្សមានវិបត្តិផ្លូវចិត្ត។
អ្នកនាង យុគ ចិន្តា បន្តថា នៅពេលនោះ អត់មានអ្នកណាជួយខ្លួនបានឡើយ ហើយស្របពេលកូវីដវាយលុកខ្លាំង, ខ្លួនរស់នៅតែក្នុងឡាន ខ្លួនខ្លាចផ្ទះ ខ្លាចអ្វីៗ ហើយខ្លាចពេលយប់ ឲ្យតែថ្ងៃលិចឡើង ចាប់ផ្ដើមធ្វើឲ្យខ្លួនក្លាយជាមនុស្សមានវិបត្តិ។
អ្នកនាងបន្តថា ក្រោយមកខ្លួនក៏សម្រេចទៅអភិវឌ្ឍនៅដីរបស់ខ្លួននៅតំបន់ជាងភ្នំស្ទឹងពពកហ្នឹង។ នៅពេលបានទៅដល់ខ្លួន បានឡើងទៅដល់ វត្តទាត់ជើងដើម្បីថ្វាយបង្គំគុណម្ចាស់ ព្រះចៅអធិការវត្តនៅទីនោះ ហើយគុណម្ចាស់ មានសង្ឃដីកា ណែនាំពីផលបុណ្យកុសល ដែលម្ដាយបានចែកឋានទៅថាគាត់ ទៅបានសុខហើយ។
អ្នកនាងបន្តថា ចឹងលោកបានសង្ឃដីកាណែនាំឲ្យធ្វើចិត្តស្ងប់ស្ងាត់ ហើយអ្នកនាងក៏ទទួលយកនូវអ្វី ដែលគុណម្ចាស់ណែនាំ ដើម្បីព្យាបាលផ្លូវចិត្តខ្លួនឯង ហើយចាប់ផ្ដើមរស់នៅក្នុងព្រៃ ដោយក្នុង១ថ្ងៃដើរចម្ងាយ៨ទៅ១០គីឡូម៉ែត្រ។ កន្លែងហ្នឹងផ្ដើមចេញពីខ្លួនមានវិបត្តិផ្លូវចិត្ត ម្ដាយបាត់បង់ អត់មានអ្នកណាជួយខ្លួនបាន ទីកន្លែងហ្នឹងជួយខ្លួនបានច្រើន ចំណេញទាំងកន្លែងដីរបស់ខ្លួន ចំណេញទាំងផ្លូវចិត្តរបស់ខ្លួនថែមទៀត ដោយអត់បានចំណាយលុយអ្វីទាំងអស់។
អ្នកនាង បន្តថា ក្រោយមកអ្នកនាងក៏ត្រឡប់មកភ្នំពេញវិញ ធ្វើបុណ្យ១០០ថ្ងៃជូនអ្នកម្ដាយ ហើយប្រាប់ខ្លួនឯងថា ត្រូវងើបឈរសាថ្មី ខ្លួនអត់ដេកដួល មនុស្សជាច្រើនកំពុងតែរង់ចាំខ្លួន រស់នៅក្រោមការចិញ្ចឹមរបស់ខ្លួន ការទទួលខុសត្រូវរបស់ខ្លួន ខ្លួនមិនអាចនៅដេកដួលចឹងទេ ព្យា បាលខ្លួនឯងឲ្យហើយ ហើយប្រាប់ខ្លួនឯងថា អ្នកម្ដាយបានស្ងប់ហើយ ចប់ហើយ យើងបានបំពេញជូនគាត់អស់ហើយ បញ្ឈប់ការហូរទឹកភ្នែក។
អ្នកនាងបន្តថា ចាប់តាំងពីបុណ្យ១០០ថ្ងៃម្ដាយមក ខ្លួនបានប្រាប់ខ្លួនឯង ទោះនិយាយជាមួយអ្នកណាក៏ដោយ ក៏មិនហូរទឹកភ្នែកទៀតដែរ ព្រោះថាម៉ាក់ខ្លួនបានសុខហើយ ខ្លួនបានធ្វើបុណ្យជូនម្ដាយគ្រប់គ្រាន់ ចឹងម្ដាយខ្លួនកំពុងតែសប្បាយចិត្តចង់ឃើញកូនរឹងមាំមកវិញ។ ចង់ឲ្យម្ដាយនៅឋានលើមើលឃើញថា កូនបានទទួលភាពជោគជ័យហើយ។
គួរបញ្ជាក់ថា បុណ្យ១០០ថ្ងៃ របស់ម្ដាយ អ្នកនាង យុគ ចិន្តា បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅវត្តគល់ទទឹង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ ដើម្បីកាន់តែជ្រាបច្បាស់ថែមទៀត សូមស្ដាប់ការរៀបរាប់របស់អ្នកនាង យុគ ចិន្តា តាមរយៈបទសម្ភាសន៍ខាងក្រោមនេះ ៖