បន្ទាប់ពីឪពុកបានចែកឋាន និងបានរៀបចំជូនដំណើរចុងក្រោយគ្រប់ជ្រុងជ្រោយតាមប្រពៃណីហើយនោះ តារាចម្រៀងរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ ប៉ុន្មានថ្ងៃនេះបានបង្ខំចិត្តសម្រុកលក់ដីជាច្រើនកន្លែង ដើម្បីយកលុយទៅមើលថែម្ដាយ ដែលកំពុងមានជំងឺនៅប្រទេសបារាំង។
កាលពីពេលកន្លងទៅ ករុណា ពេជ្រ ធ្លាប់បានប្រាប់ តារាញូស៍ ថា បន្ទាប់ពីឪពុកបានរបូតឃ្លាតឆ្ងាយទៅហើយ ពេលវេលាបន្ទាប់គឺលោកនឹងត្រូវឡើងទៅប្រទេសបារាំង ដើម្បីដើរលំហែផង និងមើលថែម្ដាយផង ដ្បិតតាំងពីឪពុកធ្លាក់ខ្លួនឈឺមក លោកមិនដែលបានចេញដើរទៅណាឡើយ ព្រោះត្រូវនៅមើលថែគាត់ជាប្រចាំ។
យ៉ាងណាថ្មីៗនេះក៏ស្រាប់តែឃើញតារាចម្រៀងលោក ករុណា ពេជ្រ បានប្រកាសលក់ដីជាបន្តបន្ទាប់ ប៉ុន្តែក៏មិនមានអ្វីប្លែកអារម្មណ៍សម្រាប់មហាជននោះដែរ ដ្បិតលោក ករុណា ពេជ្រ ត្រូវបានគេដាក់រហ័សនាមស្រាប់ហើយថា ជាសេដ្ឋីអចលទ្រព្យ ហើយការលក់ដី ទិញផ្ទះ វាជារឿងធម្មតាទៅហើយសម្រាប់តារាចម្រៀងរូបនេះ។
ប៉ុន្តែជាការពិតការលក់ដីម្ដងនេះ ករុណា ពេជ្រ បានបញ្ជាក់ថា គឺត្រូវការលុយជាបន្ទាន់ដើម្បីឡើងទៅប្រទេសបារាំងនៅកំឡុងខែធ្នូ ខាងមុខនេះ ដ្បិតលោកត្រូវទៅមើលថែម្ដាយដែលកំពុងមានជំងឺនៅទីនោះ ។
ថ្លែងប្រាប់តារញូស៍ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ តារាចម្រៀងសំឡេងថ្នមលោក ករុណា ពេជ្រ បានឱ្យដឹងថា លោកលក់ដីដើម្បីបានលុយខ្លះយកទៅមើលថែម្ដាយឈឺនៅបារាំង ខណៈការហោះហើរអាចនឹងឆាប់ៗខាងមុខនេះ ដ្បិតលោកត្រូវធ្វើតេស្ដទិដ្ឋាការនៅថ្ងៃទី០២ ខែធ្នូ នេះហើយ។ ប្រសិនជាជាប់ លោកនឹងអាចចេញទៅនៅកំឡុងខែធ្នូខាងមុខនេះតែម្ដង ។
គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង ករុណា ពេជ្រ បានចំណាយថវិកាខ្ទង់១០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីបុណ្យសពជូនឪពុកជាលើកចុងក្រោយ ខណៈដែលពេលនេះ ករុណា ពេជ្រ ក៏បានប្រកាសលក់ដីចំនួនពីរកន្លែងបន្ថែមទៀត ដើម្បីយកលុយទៅដើរលំហែ និងទៅមើលថែម្ដាយដែលកំពុងឈឺនៅប្រទេសបារាំងផង៕ ប្រភព ៖ តារាញូស៍