គេនៅចាំបានថា តារាចម្រៀងអាន គុណកូឡា បានប្រកាសពន្យារពេលរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តចំពោះការសម្រេចរបស់លោកផងដែរ។
លុះដល់ថ្ងៃកំណត់នោះ តារាចម្រៀងមានប្រជាប្រិយភាពរូបនេះ មិនបានផ្អាកនោះឡើយ គ្រាន់តែបង្វែរមកធ្វើលក្ខណៈគ្រួសារវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងជាសាកល ក្នុងនោះកម្ពុជា កំពុងកើតមានការឆ្លងជាសហគមន៍។
លុះដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែលោកប្រកាស រៀបចំពិធីមង្គលការរបស់ខ្លួនម្ដងទៀតលក្ខណៈផ្លូវការ ដោយបញ្ជាក់ដូច្នេះថា «គោរពជម្រាបសួរដល់ ឯកឧត្តម លោកជំទាវ និង ភ្ញៀវកិត្តិយស ទាំងអស់ សូមកុំភ្លេចអញ្ជើញចូលរួមពិធីមង្គលការរបស់ខ្ញុំបាទ នៅល្ងាចនេះណា នៅហាង The grand terrace នៅទួលគោកសូមអរគុណ!ដើម្បីងាយស្រួលស្វែងរកទីតាំង សូមចុចLinkខាងក្រោម»។
គេសង្កេតឃើញថា ក្នុងពិធីមង្គលការនោះ លោកអាន គុណកូឡា និងកូនក្រមុំឈ្មោះ សឹក ថារ័ត្ន មើលទៅពិតជាស្រស់ស្អាត សក្ដិសមគ្នាខ្លាំងណាស់ ហើយពួកគេ បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ ប្រកបដោយទឹកមុខញញឹម សប្បាយរីករាយ ជាហេតុញាំងឲ្យពិធីទាំងមូល កាន់តែអធិកអធមឡើង។
ដោយឡែក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ លោក អាន គុណកូឡា បានបង្ហាញអារម្មណ៍រំភើបស្ទើរហោះ ក្រោយភរិយារបស់ខ្លួន បានសម្រាលកូនប្រុស ដោយជោគជ័យ។ កូនប្រុសនោះ មានឈ្មោះថា បញ្ញា សីហមុនិរាជ ហៅ William (វីល្លៀម)។
រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ , វីល្លៀម មានអាយុ១ខែ ហើយលោក អាន គុណកូឡា និងភរិយា បានរៀបចំកម្មវិធីចេញខែតូចមួយលក្ខណៈគ្រួសារ មើលទៅពិតជារីករាយ និងមានសុភមង្គលខ្លាំងណាស់។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ភរិយាលោកអាន គុណកូឡា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Oun Khouch» បានបង្ហោះរូបថត ទិដ្ឋភាពនៃពិធីនោះ ជាច្រើនសន្លឹក អមដោយសារយ៉ាងខ្លីថា «14,07,21 អូន បញ្ញា សីហមុនិរាជ (William) បានមួយខែ»៕