លោកអ្នកទំនងជាបានជ្រាបរួចមកហើយនូវព័ត៌មាន ដែលតារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍ បានចំណាយលុយរហូតទៅដល់ជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីផលិតវីដេអូចម្រៀងបទ «វីរនារី» ដើម្បីតំណាងឲ្យប្រជាជនខ្មែរទាំងមូលនោះ។
ការលះបង់របស់ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានធ្វើឲ្យអាចារ្យធំ នគររាជ ប្ដូរពីការធ្លាប់រិះគន់ ឥតសំចៃ មកជាលើកសរសើរកប់ៗមាត់ ថែមទាំងប្ដូរប្រូហ្វាល់នៅលើផេករបស់លោក ដាក់រូបG-Devithទៀតផង។ រឿងនេះ ពិតជាធ្វើឲ្យមហាជននឹកស្មានមិនដល់មែន។
ចំពោះការផ្លាស់ប្ដូរពីការរិះគន់មកសរសើរវិញនេះ ត្រូវបានអាចារ្យធំ នគរាជ ដែលល្បីរឿងស្រឡាញ់វប្បធម៌ អរិយធម៌ខ្មែរនោះ បានលើកហេតុផលមកបញ្ជាក់ច្បាស់ៗថា «មិនមានអីចម្លែកទេបងប្អូនអើយ! គោលការណ៍របស់ខ្ញុំគឺមិនដែលយកខ្មែរណាម្នាក់ជាសត្រូវនោះទេ។ រឿងវិជ្ជមានខ្ញុំសូមលើកម្រាមដៃគោរព រឿងអវិជ្ជមាន ខ្ញុំសូមចូលខ្លួនរិះគន់ដោយន័យស្ថាបនា ផែនដីនេះជារបស់ខ្មែរយើងគ្រប់គ្នា»។
ក្រៅពីអាចារ្យធំ នគររាជនោះ, ប្រជាពលរដ្ឋជាច្រើន ក៏បានសម្ដែងការគាំទ្រ និងលើកសរសើរដល់តារាចម្រៀងទេព បូព្រឹក្ស ផងដែរ ចំពោះការលះបង់ដើម្បីខ្មែរមួយនេះ។ ដោយឡែក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្វី ដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ និងសរសើរទៀតនោះ, មុនMVបទ «វរីនារី» ចេញជាផ្លូវការ, ទេពបូព្រឹក្ស ធ្វើពិធីក្រុងពាលី និង សំពះគ្រូ យ៉ាងអធិកអធមទៀតផង។
បង្ហោះភ្ជាប់ជាមួយវីដេអូ ក្នុងពិធីក្រុងពាលី និង សំពះគ្រូនេះ ទេព បូព្រឹក្ស បានលើកឡើងថា «ពិធីក្រុងពាលី និង សំពះគ្រូ ជាកិច្ចមួយ ដែលមានតាំងពីបុព្វបុរសមកពួកយើងខំប្រឹងញ៉ាំងបញ្ចូលដោយយកចិត្តទុកដាក់ក៏ដូចជាការផ្តល់នូវកិត្តិយសចូលរួមពីលោកគ្រូអ្នកគ្រូជា សាស្ត្រាចារ្យ នៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាកេរមរតកមនុស្សរស់ ដើម្បីទទួលពរជ័យ និង ណែនាំនូវក្បួនខ្នាតក៏ដូចជាដំបូន្មាន»។
ទេព បូព្រឹក្ស បន្តថា «យើងខ្ញុំពិតជាមានមោទនភាពណាស់ចំពោះបេសកកម្មមួយនេះហើយក៏កាន់តែមានមោទនភាពខ្លាំងថែមទៀតដែរបងប្អូនរួមគ្នាផ្ដល់តម្លៃនៃកិច្ចការនេះ វីដេអូចម្រៀង វីរនារី នឹងចេញជាផ្លូវការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សូមអរគុណបងប្អូនទាំងអស់គ្នា»។
តាមរយៈនេះ អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ហើយចូលរួមបញ្ចេញមតិព្រោងព្រាត ក្នុងនោះ ពួកគេ បានលើកឡើងថា «យើងទាំងអស់គ្នាគាំទ្រស្នាដៃបងជានិច្ច មោទនភាពជាតិខ្មែរ, កាលខ្ញុំគាំទ្រពួកគាត់ដំបូងៗ ភាគច្រើនគេថា គេមិនចូលចិត្តពួកគាត់ថា ធ្វើអីចេញមកប្លែកៗចម្លែកៗ ប៉ុន្តែខ្ញុំស្រឡាញ់ពួកគាត់មិនខុសទេ ពួកគាត់បរិសុទ្ធណាស់, គួរអោយសរសើរនូវអ្វី ដែលអ្នកទាំងពីរ បានធ្វើដើម្បីវប្បធម៌ជាតិយើង, ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះបងសូមជួយថែរក្សា និងបង្ហាញអោយពិភពលោកថែមនូវមោទនភាពជាតិមួយនេះ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖