ក្រោយរៀបការជាមួយគ្នារយៈពេលប្រមាណ២ឆ្នាំមកនេះ គេសង្កេតឃើញថា ចំណងស្នេហ៍របស់ពិធីការិនី អ្នកនាង ស៊ឹម សូលិកា និងលោកអេង ឫទ្ធី កាន់តែផ្អែមល្ហែមជាមួយគ្នាទ្វេដង រស់នៅយ៉ាងមានសុភមង្គល។
ទន្ទឹមនឹងការរស់នៅយ៉ាងមានសុភមង្គលនេះផងដែរ ពួកគេ ប្រើប្រាស់សម្ភារៈទំនើបៗ ដោយគ្រាន់តែសមាជិក៣នាក់ ពួកគេមានរថយន្ត រហូតទៅដល់៣គ្រឿងទៅហើយ មានន័យថា សមាជិកម្នាក់ ឡានមួយគ្រឿង ដោយសារតែមានការងាររៀងខ្លួន ត្រូវការមធ្យោបាយជាចាំបាច់នោះ។
បើទោះពេលនេះ ពួកគេមានជីវភាពប្រសើរក៏ពិតមែន តែក៏មិនមែនមានន័យថា សំណាងធ្លាក់ពីលើមេឃនោះដែរ ព្រោះកន្លងមក អ្នកនាង ស៊ឹម សូលិកា ធ្លាប់ បញ្ជាក់រួចហើយថា ពួកគេម្នាក់ៗរវល់ខ្លាំងណាស់ ខិតខំខ្លាំងណាស់ក្នុងការធ្វើការ និងរកស៊ីនោះ។
ស្របពេលកំពុងស្រឡាញ់គ្នាស្រាប់ហើយនោះ ស្រាប់តែនៅរាត្រីឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ស៊ឹម សូលិកា បានពោលពាក្យសរសើរស្វាមីកប់ៗមាត់ថា «ខ្ញុំគិតថា គ្មានអ្វីចម្លែកនោះទេ បើយើងនិយាយពាក្យថា ( អូនស្រលាញ់បងខ្លាំងណាស់ ប្ដីដ៏ល្អរបស់អូនអើយ ) Rithy Eng ជូនចំពោះឧត្តមស្វាមីរៀបការពេញច្បាប់នោះ»។
ពិធីការិនីដ៏ល្បីរូបនេះ បានបន្តជាមួយនឹងការលើកហេតុផលថា «ព្រោះគាត់គឺជាប្ដីដ៏ល្អ ជាបុរសដែលមានគុណធម៌ មានសុជីវធម៌ មានភាពស្មោះត្រង់ ចេះគោរពសិទ្ធិមនុស្សជុំវិញខ្លួន មិនបៀតបៀនអ្នកដទៃ ថែមទាំងមានសមត្ថភាពគ្រប់គ្រាន់ ចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមប្រពន្ធកូនយ៉ាងមានសេចក្ដីសុខ សុភមង្គលនៅក្នុងគ្រួសារមួយនេះ។ ពេលវេលាពិតជាបានបញ្ជាក់ការពិតប្រាកដមែន»។
តាមរយៈនេះ ស្រាប់តែអ្នកគាំទ្រមួយចំនួនចាប់អារម្មណ៍ ក៏បានលើកឡើងថា «បងប្រុស បងស្រី ជាទីគោរពស្រលាញ់, So sweet អានហើយឡើងស្រឺតហ្មងឯង, អូនលើសជាតិស្ករហើយ អាណិតអ្នក Single ផង, So sweet, So sweet Love you both»៕