សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចដកតំណែង លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយប្រមាថសពលោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាពនៅថ្ងៃទី១៤ ខែកក្កដា ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
សម្ដេចតេជោ បានបង្ហោះសារនៅល្ងាចថ្ងៃនេះ ដូច្នេះថា «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។
ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ចាញ់ផ្ចាល ចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអនសុំអោយដកចេញក៏មិនព្រមដកដែរ។
ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»។
គួរបញ្ជាក់ថា ការសម្រេចដកតំណែងនេះ កើតឡើងក្រោយពីលោក ឌុច សុវណ្ណារី បានបង្ហោះសារបែបនេះថា «ថ្ងៃនេះខ្ញុំបានទទួលដំណឹងថាមនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។
ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាងបានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»៕