ក្រោយពីចំនួនអ្នកទស្សនាMVបទAre You Ok?របស់ខ្លួនច្រើនលើសលប់នោះ, កញ្ញា តន់ ចន្ទសីម៉ា មានសន្ទុះទីផ្សារកាន់តែខ្លាំងឡើង ដោយគ្រាន់តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នាង ទទួលបានការផ្សព្វផ្សាយលើក្រុមហ៊ុនធំៗចំនួន៣ឯណោះ។
ការទទួលបានតម្លៃពាណិជ្ជកម្មខ្ពស់នេះ តន់ ចន្ទសីម៉ា ក៏មិនភ្លេចឡើយ ក្នុងការជួយឧបត្ថម្ភ ដល់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ។ល។ ជាហេតុធ្វើឲ្យមហាជន ដឹងឮហើយ ស្ងើចសរសើរនាងមិនស្ទើរនោះឡើយ។
តន់ ចន្ទសីម៉ា បានបញ្ជាក់ដូច្នេះថា «នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះ សីម៉ា ទទួលបានការផ្សព្វផ្សាយលើក្រុមហ៊ុនធំៗចំនួន៣ ដោយទទួលបានប្រាក់ឈ្នួលដែលមិនធ្លាប់ស្រមៃពីមុនមក»។
សីម៉ា បន្តថា «នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះក្នុងជីវិតខ្ញុំ បើគ្មានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ សីម៉ា ពិតជាគ្មានថ្ងៃនេះទេ»។
ទោះយ៉ាងណា គេមិនដឹងថា តម្លៃឈ្នួល ដែលសីម៉ា អះអាងថា មិនធ្លាប់ស្រមៃពីមុននោះមានចំនួនប៉ុន្មាននោះទេ ព្រោះនាងមិនបានទម្លាយឲ្យដឹងឡើយ។
សូមបញ្ជាក់ថា MVបទAre You Ok?របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ាចេញជាផ្លូវការ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយគិតរហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទស្សនារហូតដល់៦២លានដងឯណោះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖