គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ ដោយឃើញថា ក្រុមហ៊ុនCellcard បានសរសេរអក្សរ មិនត្រូវអក្ខរាវិរុទ្ធនៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់អក្សរសាស្ត្ររបស់ខ្មែរនោះ, ព្រះតេជព្រះគុណ ហាក់ សៀងហៃ បានចេញសារមួយ ដើម្បីឲ្យក្រុមហ៊ុនទូរសព្ទដ៏ធំមួយនេះ ធ្វើការកែតម្រូវឡើងវិញ។
តាមរយៈផេក «Buddhism for Education of Cambodia(BEC)», ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហោះសារផ្ញើជូនក្រុមហ៊ុន Cellcard ដើម្បីជួយធ្វើការកែតម្រូវដូច្នេះថា «ផ្ញើជូនក្រុមហ៊ុនសែលខាត (CellCard ) សូមមេត្តាកែតម្រូវសំណេរលើបដាឡើងវិញ ព្រោះដាក់តាំងទីសាធារណៈ២៤ម៉ោងលើ២៤ម៉ោង គឺប៉ះពាល់ដល់អក្សរសាស្ត្រខ្មែរយើងសម្បើមណាស់។
ព្រះសង្ឃវ័យក្មេង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រខ្មែរ រូបនេះ បានបន្ត ដោយពន្យល់ថា «-ពាក្យត្រូវគឺ៖ “សក្ដិសម “ មិនមែន “សាកសម” -ពាក្យសាក៖ សាកសព សាកល្បង សាកមើល -ពាក្យ៖ សក្តិ ឬ ស័ក្តិ បច្ចុប្បន្នក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុមតិថា ពាក្យណាមានតម្រួតខាងចុងមិនបាច់ដាក់សញ្ញាសំយោគ(័)ទេ ឧទាហរណ៍៖ ទូរសព្ទ លក្ខខណ្ឌ សត្វ យក្ស ជាដើម។ពេលកែតម្រូវហើយ សូមផ្ញើបដាមកអាត្មាភាពផង ដើម្បីផ្សាយថា បានកែតម្រូវហើយ ជាគំរូល្អតទៅ។
ព្រះតេជព្រះគុណ បន្ថែមទៀតថា «(បញ្ជាក់៖ ក្នុងករណី ក្រុមហ៊ុនសែលខាត សន្យានឹងកែតម្រូវឡើងវិញ អាត្មាភាព នឹងលុបសារដែលនិយាយកែតម្រូវសែលខាត តែសូមរក្សាទុកនូវការបកស្រាយបំភ្លឺពាក្យ “សក្ដិសម មិនមែន សាកសម” ។
អាស្រ័យហេតុនេះ សូមសាធារណជន បានជ្រាប និងសូមរក្សាការបញ្ចេញមតិប្រកបដោយសីលធម៌ និងមិនជាន់ពន្លិច កែតម្រូវដោយមនោសញ្ចេតនាអ្នកស្រឡាញ់រក្សាអក្សរសាស្ត្រជាតិយើង )។ សូមអរព្រះគុណ និងអរគុណ ! ដោយក្តីរាប់អានពីអាត្មាភាព ហាក់ សៀងហៃ»។
ដោយឡែក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយឃើញក្រុមហ៊ុនមានការកែតម្រូវនោះ ព្រះតេជព្រះគុណ បានបង្ហោះសារមួយទៀត ដោយសម្ដែងក្ដីរំភើបថា «ពិតជារំភើបណាស់! មានតែពាក្យជូនពរ សូមឱ្យថ្នាក់ដឹកនាំ និងក្រុមហ៊ុនសែលកាតទាំងមូលទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមទទួលបានជោគជ័យរាល់ភារកិច្ចការងារជាភិយ្យោភាពតទៅ។
ព្រឹត្តិការណ៍នេះ ពិតជាគំរូដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន ស្ថាប័ននានា ឬបងប្អូនយើងដែលមានការភ្លាំងភ្លាត់ដោយអចេតនា បានកែប្រែឱ្យបានត្រឹមត្រូវឡើងវិញ។ រួមគ្នាដើម្បីវឌ្ឍនភាពកម្ពុជាដ៏ថ្លៃថ្លារបស់យើង! សាធុ សាធុ សាធុ !
ដោយក្តីរាប់អានពីអាត្មាភាព ហាក់ សៀងហៃ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ទី១៨ វិច្ឆិកា ២០២១ វេលាម៉ោង ៦:២០នាទីល្ងាច»៕