បន្ទាប់ពីប្រកាសរំសាយមង្គលការ និងរងចាំអស់រយៈពេលជាង១ឆ្នាំ តារាកំប្លែងCTNកញ្ញា នីឡា កូនស្រីអ្នកដឹកនាំកម្មវិធីសិល្បៈកម្សាន្ដដ៏ល្បី លោក សុវណ្ណ ឬទ្ធី ហៅតាវ៉ិចទ័រ បានធ្លាយដំណឹងថា នឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ។
តាមគម្រោង នីឡា និងគូដណ្ដឹង ត្រូវចូលរោងការតាំងពី ខែឧសភា ឆ្នាំ២០២០ មកម៉្លេះ ប៉ុន្តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ នីឡា ក៏បានប្រកាសរំសាយ ។
យ៉ាងណាពេលនេះស្ថានភាពការឆ្លងនៃជំងឺកូវីដ១៩ ក៏ហាក់ធូរស្បើយ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសអនុញ្ញាតឱ្យមានការរៀបចំមង្គលការ ដែលអាចរៀបចំទទួលភ្ញៀងខ្ទង់១ពាន់នាក់ ឬតាមលទ្ធភាព ប៉ុន្តែក៏ត្រូវអនុវត្តនូវវិធានការសុខាភិបាល ។
ទន្ទឹមគ្នានេះប្រភពមួយបានបង្ហើបថា កញ្ញា នីឡា កូនស្រីតាវ៉ិចទ័រ អាចនឹងចូលរោងការនាពេលឆាប់ៗខាងមុននេះ ខណៈតា វ៉ិចទ័រ ផ្ទាល់ក៏ធ្លាប់លើកឡើងថា នឹងរៀបចំពិធីមង្គលការកូនស្រីភ្លាម ប្រសិនបើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្បើយ ឬពេលមានការអនុញ្ញាតឱ្យមានការរៀបចំពិធីដូចធម្មតាវិញ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នីឡា បានបញ្ជាក់ប្រាប់តារាញូស៍ឱ្យដឹងថា ពិធីមង្គលការបស់ខ្លួន គឺអាចនឹងរៀបចំនៅពេលឆាប់ៗមែន ពោលគឺនឹងរៀបចំឡើងនៅក្នុងខែមីនា ឆ្នាំ២០២២ខាងមុខនេះហើយ ។ នីឡា បាននិយាយថា៖ «និយាយរឿងការ គឺក្នុងឆ្នាំក្រោយ ខែ៣ តែថ្ងៃចាំមើលទៅដេញវេលាសិន ដោយសារមួយរយៈនេះរវល់មិនបានទៅដេញវេលា អីចឹងកំណត់ត្រឹមខែ៣សិន» ។
តារាកំប្លែងសំឡេងលះប្រចាំCTN កញ្ញា នីឡា បានអះអាងទៀតថា មង្គលការរបស់ខ្លួនដែលនឹងរៀចចំនៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនអញ្ជើញភ្ញៀវចូលរួមច្រើនកុះករនោះដែរ គ្រោងនឹងអញ្ជើញភ្ញៀវចូលរួមត្រឹម៣០ ឬ៤០តុប៉ុណ្ណោះ ។
នីឡា បាននិយាយថា៖ «ជាក់ស្ដែងមិនដឹងថាត្រូវធ្វើប៉ុន្មាននោះឡើយ ប៉ុន្តែពីមុនមកយើងនិយាយគ្នាថាធ្វើ១០០តុ តែឥឡូវនេះយើងកាន់បន្ថយហើយ ដោយសារអត់ចង់ឱ្យមានមនុស្សច្រើនកុះករពេក យើងធ្វើម៉ាល្មមបែបសមរម្យ៣០ ឬ៤០តអីចឹងទៅ»។
សូមបញ្ជាក់ថា តារាកំប្លែងរូបនេះបានប្រកាសរៀបអាពាហ៍ពិពាហ៍នាពេលកន្លងមក ប៉ុន្តែក៏ត្រូវពន្យារពេលវិញដោយគោរពតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបី វ៉ាន់ នីឡា និងគូដណ្ដឹងទើបតែស្រលាញ់ និងស្វែងយល់ចិត្តគ្នា តែគូដណ្ដឹងនាង ប៉ុន្តែសាមីខ្លួនខាងស្រីបានបង្ហាញអារម្មណ៍ជារឿយៗ ដោយពោលសរសើរអនាគតស្វាមីរបស់ខ្លួន ដែលតែងតែបង្ហាញក្ដីព្រួយបារម្មណ៍ និង យកចិត្តទុកដាក់មើលថែ នីឡា គ្រប់ពេលវេលាតេម្ដង៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖