នៅមុននេះបន្តិចមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា សិល្បករជើងចាស់ផ្នែកល្ខោនបាសាក់ក្រុម ភី សុគន្ធី ដ៏មានទេពកោស្យលោកតា ការ៉ា បានទទួលមរណភាពហើយ ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាង ផន សុផារី អតីតតារាកំប្លែង និងល្ខោនបាសាក់ ។
ដោយអ្នកនាង ផន សុផារី បានសរសេរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនឱ្យដឹងយ៉ាងដូច្នេះថា៖ «បងប្អូនដែលនិយមចូលចិត្តទស្សនាល្ខោនបាសាក់ ភី សុគន្ធី ណាខ្លះស្គាល់លោកតា ការ៉េ? ពេលនេះលោកតាបានទទួលមរណភាពហើយ» ។
យ៉ាងណាជាមួយគ្នានោះ ផន សុផារី ក៏មិនបានបញ្ជាក់ពីមូលហេតុនៃការបាត់បង់ជីវិតរបស់តា ការ៉េ ឡើយ ដោយគ្រាន់ប្រកាសជាដំណឹង និងបង្ហាញអារម្មណ៍សោកស្ដាយ ។
ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្រ្តីឈ្មោះ ស្រីអូន ដែលត្រូវជាកូនបង្កើតរបស់លោក អៀង នៅ ហៅតាការ៉េ ក៏បានបញ្ជាក់តាមទូរស័ព្ទឱ្យសារព័ត៌មានតារាញូស៍ឱ្យដឹងថា ឪពុករបស់ខ្លួនបានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ ខណៈកំពុងមានជំងឺប្រចាំកាយ ។
ប្រភពដែលត្រូវជាកូនខាងលើបានអះអាងថា លោក អៀង នៅ ដែលជាឪពុកបានទទួលមរណភាពនៅអាយុ៦៧ ឆ្នាំ ខណៈមានជំងឺពុកឆ្អឹងជាង៤ឆ្នាំហើយ និងត្រូវលេបថ្នាំជាប្រចាំ ពោលគឺចាប់តាំងពីឈប់ពីល្ខោនបាសាក់ក្រុម ភី សុគន្ធី មក ។ តែនៅពេលថ្មីៗនេះលោក អៀង នៅ ហៅតាការ៉េ ក៏បានទៅលេងផ្ទះក្មួយនៅខេត្តកំពង់ឆ្នាំង ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ទំនងជាជំងឺចាស់របស់លោកធ្វើទុកឡើយ ទើបលោកបានទទួលមរណភាពនៅពេលបញ្ជូលទៅដល់មន្ទីរពេទ្យខេត្ត ។
យ៉ាងណាបច្ចុប្បន្នសពរបស់លោក អៀង នៅ កំពុងធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ឆ្នាំ និងត្រូវមកធ្វើបុណ្យបន្តនៅឯផ្ទះនៅខេត្តតាកែវនៅថ្ងៃស្អែក ។ នេះបើតាមការបញ្ជាក់ពីស្ត្រីឈ្មោះ ស្រីអូន ដែលត្រូវជាកូន ។
គួរបញ្ជាក់ផងដែរថា លោក អៀង នៅ ដែលមហាជនជាច្រើនបានស្គាល់នៅក្នុងវង្វង់សិល្បៈថា តាការ៉េ គឺជាសិល្បករជើងចាស់មួយរូប ដែលមានទេពកោសល្យខ្ពស់ទាំងផ្នែកកំប្លែង និងល្ខោនបាសាក់ ។ ហើយមរណភាពរបស់លោក អៀង នៅ នេះក៏ជាការបាត់បង់នូវធនធានមនុស្សដ៏កម្រ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖