នេះជារឿងដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់មហាជន ជាពិសេសបងប្អូនសាច់ញាតិ ខណៈទទួលដំណឹងថា លោកជំទាវ កែវ មន្ថា អតីតសិល្បការិនីខ្មែរបីជំនាន់ បានលាចាកលោក កាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ នាគេហដ្ឋានរបស់លោកជំទាវក្រោយសាលាទួលគោក រាជធានីភ្នំពេញ។
តារាចម្រៀង ស៊ូ សីរីកា ដែលត្រូវចៅរបស់អ្នកស្រី កែវ មន្ថា បានឲ្យដឹងតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «សូមដួងវិញ្ញាណក្ខន្ធលោកយាយ កែវ មន្ថា ជាទីស្រលាញ់ គោរពរបស់កូនចៅ និងជាម្លប់ក្រុមគ្រួសារទាំងមូលបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ចៅស្រលាញ់លោកយាយខ្លាំងជាទីបំផុត»។
យោងតាម ក្រុមព្រះសុរិយា បានបញ្ជាក់ថា «លោកជំទាវកែវ មន្ថា គឺជាសិល្បការិនីដ៏ឆ្នើមមួយរូបនៃកម្ពុជា ដែលពោពេញដោយសមត្ថភាពទេពកោសល្យ និងស្នាដៃក្នុងវិស័យចម្រៀង និងភាពយន្ត។ ការបាត់បង់រូបលោកជំទាវ គឺជាបាត់បង់ធនធានដ៏កម្រមួយរូប ប្រចាំវិស័យសិល្បៈទី៧ និងវិស័យចម្រៀងនៃជាតិខ្មែរ ។
ក្រុមព្រះសុរិយា និងក្រុមហ៊ុន ស៊ីអេសវីឡា ក៏ដូចជាអ្នកស្នេហាវិស័យសិល្បៈខ្មែរ សូមឧទ្ទិសបុណ្យកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវ សូមអញ្ជើញទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបផងដែរថា លោកជំទាវ កែវ មន្ថា កើតនៅឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ជាបុត្រីរបស់លោក សង្ហាខុន កំពូលអ្នកអាយ៉ៃដ៏ឆ្នើមមួយរូបនៃកម្ពុជា។ លោកជំទាវ កែវ មន្ថា ចូលប្រឡូកក្នុងវិស័យភាពយន្តខ្មែរតាំងពីដើមឆ្នាំ១៩៦០ ក្នុងវ័យ១៦ឆ្នាំ តាមរយៈខ្សែភាពយន្តដំបូងរឿង ស្បៃក្រហម។
ក្នុងមហោស្រពភាពយន្ត ក្រុងកែបនាឆ្នាំ១៩៦៤ តារាភាពយន្ត កែវ មន្ថា បានទទួលពានរង្វាន់អប្សរាមាស ជាតារាឯកស្រីលំដាប់កំពូលនៃកម្ពុជា តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ក្រោមព្រះរាជប្រទានដោយផ្ទាល់នៃសម្តេចព្រះនរោត្តមសីហនុ។
ក្នុងវិស័យចម្រៀងវិញ បន្ទាប់ពីបទខ្យល់កំពូលភ្នំ ដែលតារាភាពយន្តរូបនេះបានបកស្រាយដាក់បញ្ចូលក្នុងខ្សែភាពយន្តរឿង សង្សារឧត្តមដួងចិត្ត រួចមក ស្រាប់តែមានអ្នកនិពន្ធល្បីៗមួយចំនួនមាន លោក យ៉ង់ ឈៀង , លោក គឹម សំអែល , លោក វ៉ោយ ហូ បានយកចម្រៀងមួយចំនួនមកអោយលោកស្រីច្រៀងសម្រាប់ដាក់បញ្ចូលក្នុងខ្សែភាពយន្ត និងចេញផ្សាយតាមវិទ្យុ ហើយបទខ្លះទៀតក៏ចេញលក់ជាថាសទៀតផងដូចជា បទ ប្រហារដួងចិត្ត , បទ សរសៃទឹកភ្នែក , បទ អោបអូនមក , បទ ថើបមកចុះ , បទ គេហើយបង , បទ គូជីវិត រឺ ម្ចាស់ចិត្តស្នេហ៍ , បទ មិនយកទេប្តីចាស់ , បទ មួលភ្លៅ ជាដើម»៕