គេនៅចាំបានថា កាលពីរាត្រី ឆ្លងចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតជើងទី១ជាមួយក្រុមជម្រើសកោះហ្គាំក្នុងយុទ្ធនាការណ៍វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន ហើយជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសកោះហ្គាំ ១ទៅនឹង០។
នៅមុនចាប់ផ្ដើមការប្រកួតនោះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ ចិត្តធម៌ បានប្រកាសថា «យប់នេះ អ្នកណាមើលបាល់ខ្លះ? ចែដាណាចង់មើលដែរ ដើម្បីឱ្យសប្បាយចិត្តទាំងអស់គ្នា ខ្ញុំជួយឧបត្ថម្ភ 10000$ ដល់សហព័ន្ធ។
បើស៊ុតចូលគេ ១គ្រាប់ថែម 5000$ ទៀត ដល់ក្រុម (បានច្រើនគ្រាប់កាន់តែល្អ)ចង់ឃើញស៊ុតចូលច្រើនៗ ហើយសប្បាយចិត្តទាំងអស់គ្នា ទោះលទ្ធផលយ៉ាងណាក៏នៅតែគាំទ្រ កម្ពុជា ស៊ូស៊ូ ផ្ដល់កម្លាំងចិត្តទាំងអស់គ្នា ខ្មែរតែមួយ»។
ដោយឡែក នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជើងទី២ជាមួយក្រុមជម្រើសកោះហ្គាំ ទៀត ហើយអ្នកស្រី ទ្រី ដាណា ក៏ប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមទាំងមូល ដូចលើកមុនផងដែរ ដោយ១គ្រាប់ ជូនថវិកា៥ពាន់ដុល្លារ។
អ្នកស្រី ទ្រី ដាណា បានបង្ហោះសារនៅរសៀលថ្ងៃទី១២ ខែតុលា ដោយបញ្ជាក់ដូច្នេះថា «ផ្ដល់កម្លាំងចិត្តកីឡាករបាល់ទាត់កម្ពុជាយើងដល់ពេលទៀតហើយយប់នេះ តែអត់ទាន់ដឹងថា ម៉ោងម៉ាន មិនខុសប្រកួតមុនទេ
បើស៊ុតចូលគេមួយគ្រាប់ជូន 5000$ លើកទឹកចិត្តដល់ក្រុម ប៉ុន្មានគ្រាប់ក៏បាន កាន់តែច្រើនកាន់តែសប្បាយមើល (នាងខ្ញុំសូមជូនដល់ក្រុមទាំងមូល ដូចលើកមុនដែរ)ព្រោះសហការគ្នាបានល្អ ទើបស៊ុតចូលគេ គាំទ្រទាំងអស់គ្នា ដើម្បីឱ្យកីឡាបាល់បាល់ទាត់ខ្មែរយើងរីកចម្រើន»។
ជាលទ្ធផលនៅពេលនោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងទៅជុំទី៣ ដែលជាវគ្គជម្រុះចុងក្រោយ បន្ទាប់ពីបានយកឈ្នះកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជើងទី២ (សរុបទាំងពីរជើងឈ្នះ ៣-១) ក្នុង វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន។
ដោយឡែកនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានធ្វើតាមសន្យារបស់ខ្លួនហើយ ដោយអ្នកនាងបង្ហោះលើនៅផេករបស់ខ្លួននៅមុននេះបន្តិចថា «ថ្ងៃនេះ នាំថវិកា 25000$ ឧបត្ថម្ភដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ ក្នុងនោះ 15000$ ជូនដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ ដែលទាត់ចូលទីគេ ៣គ្រាប់ ហើយឈ្នះគេទៀត និង 10000$ ជូនសហព័ន្ធ សម្រាប់កម្លាំងចិត្តលើវិស័យកីឡាបាល់ទាត់កម្ពុជា។
អរគុណលោកពូសម្រាប់កាដូអាវដ៏ស្រស់ស្អាត និងការទទួលកក់ក្ដៅ បានទៅដល់សាលាបាល់ទាត់ជាតិបាទី ស្រស់ស្អាតណាស់ ហើយស្រស់ស្រាយទៀត ឆ្លៀរដាក់២ ៣ប៉ុស្ត៍ទុកគ្រាន់ចែកគ្នាមើល»។
គួរបញ្ជាក់ថា ការប្រកួតជម្រុះព្រឹត្តិការណ៍ 2022 AFC U23 Asian Cup នៅតាមពូលនីមួយៗ បានបញ្ចប់ទៅកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងនោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខរៀងទី៧ ក្នុងតារាងចំណាត់ថ្នាក់លេខ២ល្អ ខណៈក្រុមឆ្លងផុតទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់នេះ គឺក្រុមលេខ២ល្អទាំង៤ (មើលក្នុងតារាង)៕