រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ តារាកំប្លែងមាឌល្អិតលោក ទេស សុជន ហៅនាយក្រិន បានបាត់ដំណឹងសូន្យឈឹង ពិសេសអាជីពសិល្បៈ ក៏ដូចការសម្តែងផ្សេងៗហាក់មិនមានវត្តមានរបស់នាយឡើយ ពោលគឺស្របពេលដែលតារាកំប្លែងចាស់ៗជាច្រើនកំពុងទទួលបានទីផ្សារជាបណ្ដើរៗឡើងវិញ។
ការបាត់ដំណឹងរបស់ នាយក្រិន នេះ គឺចាប់តាំងពីលោកជួបរឿងអកុសល ភរិយាលួចផិតក្បត់មានសហាយស្មន់ រហូតឈានដល់ផ្លូវលែងលះគ្នា។ គេនៅចាំបានថា កាលពីចុងឆ្នាំ២០១៩ នាយក្រិន បាននាំកូនៗ និងវេចបង្វេចយ៉ាងកម្សត់ចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើត នៅខេត្តបាត់ដំបង។
ចាប់តាំងពីពេលនោះមក តារាកំប្លែងរូបនេះ បានខកខានទាំងស្រុងនៅក្នុងការបន្តអាជីពកំប្លែងរបស់ខ្លួន ហើយក្នុងពេលស្ថានភាពរស់នៅរបស់លោកក៏ស្ទើរគ្មានអ្នកបានដឹងដំណឹងផងដែរ។ ជាក់ស្ដែង សូម្បីតែនៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍ ដែលគេសង្កេតឃើញមានតារាកំប្លែងរួមក្រុមរបស់ នាយក្រិន ជាច្រើនបានចូលរួមសម្ដែង ប៉ុន្តែគេក៏មិនឃើញមានវត្តមានរបស់ នាយក្រិន ឡើយ។
ជាមួយគ្នានោះ តារាកំប្លែងចាស់វស្សាលោក ជួង ជី ហៅ នាយកុយ ក៏ធ្លាប់បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា កម្មវិធីសំណើចចុងសប្តាហ៍ ពិតជាមានតារាកំប្លែងជាច្រើន តែមិនមានវត្តមាន នាយក្រិន ចូលរួមសម្តែងទេ គឺដោយសារពេលនេះ នាយក្រិន មានជំងឺ និងរស់នៅឆ្ងាយពីភ្នំពេញ ពិបាកធ្វើដំណើរមកចូលរួមសម្តែង។
ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់ នាយក្រិន នោះ លោក ជួង ជី ហៅ នាយកុយ ក៏បានបញ្ជាក់បន្ថែមថា លោកហាក់មិនបានដឹងច្បាស់ពីការរស់នៅរបស់ នាយក្រិនឡើយ ប៉ុន្តែលោកគ្រាន់តែដឹងថា អាការៈជំងឺរបស់ នាយក្រិន ហាក់បានល្អប្រសើរខ្លះៗហើយ។
យ៉ាងណាលោកយល់ថា បើទោះបីជាបានធូរស្រាលពីជំងឺ នាយក្រិន ក៏នឹងពិបាករកការងារធ្វើសម្រាប់ចិញ្ចឹមជីវិតដូចអាជីពសិល្បៈនេះណាស់ ដោយសារនាយមានមាឌល្អិតខុសខ្នាតពីមនុស្សដទៃ។
យ៉ាងណាជុំវិញរឿងរ៉ាវខាងលើ ក៏ដូចជាការបាត់ដំណឹងពីសិល្បៈរបស់តារាកំប្លែងមាឌល្អិតលោក ទេស សុជន ហៅ នាយក្រិន នេះ មហាជនអ្នកទស្សនា ពិសេសអ្នកដែលតែងតែនិយមគាំទ្រលោក ពិតជាមានការសោកស្ដាយ និងងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែល តារាញូស៍ ក៏បានព្យាយាមទាក់ទងតាមទូរស័ព្ទទៅជាច្រើនលើក ដើម្បីសុំការបញ្ជាក់ ប៉ុន្តែទូរស័ព្ទរបស់លោកទាក់ទងមិនចូល។
គួរបញ្ជាក់ថា ក្រោយពីជួបរឿងភរិយាមានសហា.យស្មន់ រហូតឈានដល់ការលែងលះនោះ នាយក្រិន បានចាកចេញពីរាជធានីភ្នំពេញ ទៅរស់នៅស្រុកកណើតនាខេត្តបាត់ដំបង រហូតមកទល់ពេលនេះ។
នៅស្រុកកំណើត នាយក្រិន មិនមានមុខរបរអ្វីជាដុំកំភួនឡើយ ដោយសារតែលោកបានញាំញីដោយជំងឺប្រចាំកាយ ជាហេតុធ្វើឱ្យស្ថានភាពជីវភាពរបស់នាយកាន់តែដុនដាប ថែមទាំងត្រូវទទួលបន្ទុករ៉ាប់រ៉ងចិញ្ចឹមកូនចំនួន៣នាក់នៅក្នុងបន្ទុកផងដែរ៕ ប្រភព ៖ តារាញូស៍