កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មុននឹងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនោះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទម្លាយពីប្រវត្តិរបស់ខ្លួនគ្មានសល់ មុននឹងក្លាយជាតារាចម្រៀងដូចសព្វថ្ងៃនេះ។
លោក បានរៀបរាប់ថា កាលពីឆ្នាំ២០០៣ លោកនៅជាសិស្សសាលាម្នាក់ ស្ថិតក្នុងគ្រួសារអ្នកខ្វះខាត ទៅរៀនមិនមានលុយទិញបាយហូបពេលព្រឹកនោះទេ ដោយមុនទៅរៀនញុំាបាយកកសិន បើអត់មានបាយកកទៅពោះទទេ។
លោកបន្តថា នឹកឃើញកាលនោះ ដូចជាសំណាងរបស់លោកដែរ កាលនោះលោករៀននៅសាលាអូរដា ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយកាលនោះ មានការប្រឡងចម្រៀងមួយ គេបានចុះទៅរើសយុវវ័យ ហើយពេលនោះ ពូរបស់លោករៀននៅទីនោះដែរ លើលោកមួយថ្នាក់ បានយកពាក្យប្រឡងនោះមកឲ្យលោក។
ខេមរៈ សិរីមន្ត បន្តថា ពេលនោះ លោកធ្វើជាមិនចាប់អារម្មណ៍ ហើយប្រាប់ថា លោកមិនទៅប្រឡងនោះទេ ដោយសារលោកមិនដល់គេនោះទេ មិនអាចទៅរួចទេ។ មាត់លោកនិយាយបែបនេះមែន តែលោកបានយកក្រដាសដាក់ពាក្យនោះទុក ហើយក៏ប្រញាប់ខ្ចីទូរសព្ទមិត្តភក្ដិខលទៅក្រុមហ៊ុនគេ ក្រុមហ៊ុននោះឈ្មោះថា Nestlé។
តារាចម្រៀង មានដើមកំណើតពីខេត្តកំពង់ចាមរូបនេះ បន្តថា កាលនោះ លោក ទៅដាក់ពាក្យប្រឡងតែម្នាក់ឯង អត់ឲ្យអ្នកណាដឹងទេ អត់ឲ្យបងប្អូនដឹងទេ ខ្លាចខ្មាសគេ នៅពេលអត់បានជោគជ័យ តែលោកតាំងចិត្តថា នឹងធ្វើវាឲ្យបាន។ ពេលនោះ សំណាងលោកល្អ បានឈ្នះការប្រកួតហ្នឹង ដោយគ្នារាប់រយនាក់ ជម្រុះសល់តែ៣នាក់ទេ សម្រាប់ត្រៀមការប្រកួតបន្ទាប់ទៀត។
លោកថា នៅពេលនោះ បងប្អូន ចាប់ផ្ដើមភ្ញាក់ផ្អើល ហើយអបអរសាទរ គេហៅថា ប៊ុនថៃ ច្រៀងពីរោះដែរ ដោយសារអ្នកក្នុងភូមិ អត់ដឹងថាលោកចេះច្រៀងទេ ភាគតិចណាស់ដែលដឹងថា លោកចេះច្រៀង ដល់ចឹងគេនាំគ្នាលាន់មាត់ថា ចុមប៊ុនថៃច្រៀងពីរោះ អត់ដែលដឹងសោះ។
លោកបន្ថែមថា បន្ទាប់ក៏មានការប្រកួតទៀត តែគេជម្រុះថ្នាក់ខេត្តម្ដង កាលនោះលោកអត់មានទូរសព្ទទៀត ហើយក៏ដាក់ទូរព្ទមិត្តភក្ដិ។ ការប្រកួតជម្រុះលើកនេះ ជាប់ទៀត បានគេប្រមូលអ្នកជាប់តាមបណ្ដាខេត្តផ្សេងៗយកមកភ្នំពេញ ហើយនៅភ្នំពេញគេប្រឡង២ដងទៀត ហើយលោកក៏ឈ្នះការប្រកួតផ្ដាច់ព្រ័ត្រហ្នឹងទៀត ដោយទទួលបានពានរង្វាន់លេខ១ទូទាំងប្រទេស។
លោកថា ការបានលេខ១នេះ លោកគិតថា នឹងទទួលបានការងារល្អហើយ តែធាតុពិតមិនដូច្នេះទេ ទោះបានលេខ១ក៏ដោយ ក៏មិនទាន់មានអ្នកណាមកចាប់អារម្មណ៍យើងដែរ។ លេខ១ហ្នឹងបង្ហាញគេ តាមទូរទស្សន៍ណា ក៏គេមិនទទួលស្គាល់ដែរ គេថាមិនមែនលេខ១ទូរទស្សន៍គេផង។
លោកថា ពេលនោះដើរ២នាក់បងរបស់លោក ពេញទីក្រុងដើម្បីរកការងារធ្វើ តែមិនទៅប្រព្រឹត្តិអំពើមិនគប្បីនោះឡើយ ហើយដោយសារតែភាពត្រឹមត្រូវនេះហើយ បានធ្វើឲ្យគេស្រឡាញ់លោក ក្រុមការងារសិល្បៈ ក៏ដូចតន្ត្រីករ គេស្រឡាញ់លោក ស្រឡាញ់ភាពកម្សត់ ភាពត្រឹមត្រូវ ភាពច្បាស់លាស់ហ្នឹងហើយ ទើបលោកមានឱកាសបានច្រៀងនៅផលិតកម្មយូធូតាមរយៈ លោករ៉េតធី ដូណា ដែលជាតន្ត្រីករដ៏មានឥទ្ធិពលនៅនោះ។
ក្នុងនោះ លោកក៏បានរៀបរាប់ពីប្រវត្តិបទដំបូងរបស់លោក គឺបទ អន្ទង ស្នេហ៍ និងបទ បេះដូងអ្នកប្រដាល់ផងដែរ ដោយលោកថា មុននឹងបានច្រៀងចម្រៀង២បទនេះ សុទ្ធតែជម្រើសចុងក្រោយទាំងអស់ ដោយសារពេលនោះ អ្នកចម្រៀងផ្សេងរវល់ និងមានបញ្ហាសុខភាពនោះ ទើបឈានដល់រូបលោកតែម្ដង។
រំលឹកត្រឡប់មកក្រោយវិញ កំពូលតារាចម្រៀងរូបនេះ បញ្ជាក់ថា លោកធ្លាប់ឈប់រៀនពាក់កណ្ដាលឆ្នាំ ដោយសារចង់ជោគជ័យលើវិស័យសិល្បៈ នៅមុនដាក់ពាក្យប្រឡង។ តែត្រូវឪពុកកំផ្លៀងៗបែកអំពិលអំពែក។
លោកថា ឪពុករបស់លោកមិនស្អប់សិល្បៈទេ តែចង់ឲ្យរៀនសិន។ ចាប់ពីពេលនោះមក បងរបស់លោក គឺលោកខេមរៈ ភារុណ លួងឲ្យទៅរៀនវិញសិនទៅ ហើយប៉ាខឹងផង ក៏សម្រេចចិត្តទៅរៀនវិញ រហូតដល់ឡើងថ្នាក់ត្រឹមត្រូវ គេមានការប្រកួត ទើបដាក់ពាក្យប្រកួត៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖