និយាយដល់ឈ្មោះ Ah Gi Leader ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយថា រូបនាង ជានារីវ័យក្មេងម្នាក់ ដែលជោគជ័យលើការលក់ផលិតផលតាមអនឡាញ ហើយធ្លាប់អះអាងថា ក្នុង១ថ្ងៃខ្លួនអាចរកបានក្នុងចន្លោះពី ២ម៉ឺន ទៅ៥ម៉ឺនដុល្លារនោះ។
អ្វី ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ទៀតនោះ ក្នុងពិធីភ្ជាប់ពាក្យរបស់នាងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនោះ គ្រាន់តែថ្លៃបណ្ដាការ ដែលអាជី ទទួលបានរហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃជាង១០ម៉ឺនដុល្លារផងនោះ។
ការចាប់អារម្មណ៍កក្រើកបណ្ដាញសង្គមមួយទៀត នៅពេលអាជី បានអះអាង កាលពីពេលកន្លងមកថា ខ្លួនស្អាតពីធម្មជាតិ ហើយថែមទាំងអួតទៀតថា «ខ្ញុំស្លៀកឈុតអីក៏ស្អាត ខ្ញុំងើបពីគេងហើយ ខ្ញុំអត់ងូតទឹក ក៏ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំស្អាតដែរ, ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថា ខ្ញុំស្អាតជាងគេ៩នាក់ហើយបង ព្រោះថា ខ្ញុំមានពណ៌សម្បុរស្រស់ស្អាតពាក់អីក៏វាសម»។
ទោះយ៉ាងណា ការអះអាងអួតពីសម្រស់ធម្មជាតិរបស់ខ្លួនឯងនេះ អាជីធ្លាប់បញ្ជាក់ថា គ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារប៉ុណ្ណោះ។ ប៉ុន្តែដល់ពេលនាង ឈឺមែនទែន ដោយសារ ការកែសម្ផស្សនោះ បានធ្វើឲ្យមនុស្សមួយចំនួន ចេញមកជាន់ពន្លិច សើចចំអកនាង ធ្វើឲ្យនាងទ្រាំអត់បាន តបទៅវិញ ដោយហៅពួកគេថាអត់ខួរទៀតផង។
ជាក់ស្ដែង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ អាជី បានបង្ហោះសារថា «មានអ្នកខ្លះសើចយំខ្ញុំ ឌឺដងខ្ញុំទាំងដែលខ្ញុំកំពុងរងគ្រោះ តែខ្ញុំមិនខឹងនឹងពួកគាត់ទេ ព្រោះខ្ញុំគិតថា មនុស្សដែលកំពុងសើចចំអកគេទាំងដែលគេមិនដែលធ្វើអីខ្លួនសស់ គឺជាមនុស្សដែរគ្មានខួរក្បាល
ទោះបីខ្ញុំពេលនេះ ងើបមិនទាន់រួច តែខ្ញុំមិនចុះចាញ់ខ្ញុំនៅតែតស៊ូ ដើម្បីងើបមកឡាយបកស្បែកមុខពេទ្យដែល កំពុងតែដើរបោកគេ អោយបាន ខ្ញុំនឹងមិនអោយវារួចខ្លួន ហើយដើរបោកប្រជាជនខ្មែរតទៀតដែរ»។
ងាកមកអនាគតស្វាមីរបស់នាងវិញ ដោយកន្លងមក តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាឥតដាច់ដូចលលកញីឈ្មោលនោះ ពេលឃើញដៃគូ ត្រូវសម្រាកលើគ្រែយូរបែបនេះ ក៏បង្ហាញអារម្មណ៍របស់ខ្លួននៅមុននេះបន្តិចថា «ឆាប់ជាកូនក្មេង កុំឈឺយូរពេកបងអផ្សុក»៕