ប្រិយមិត្ត មួយចំនួន ទំនងជា បានជ្រាបរួចមកហើយ នូវខ្សែជីវិតរបស់អតីតពលករប្រទេសកូរ៉េ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រកូលកសិករ និងមានស្រុកកំណើត នៅភូមិ ត្រពាំងសាលា ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏ជាអ្នកដែលតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រ។
អ្នកឧកញ៉ា បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិត រហូតក្លាយឈ្មោះជាឧកញ៉ា និងបច្ចុប្បន្នមានឈ្មោះជាអ្នកឧកញ៉ា ដែលមានលុយវាល់លានដុល្លារ មានជំនួញធំៗជាច្រើន និងជាសប្បុរសជនដ៏ល្បីល្បាញមួយរូបផងដែរ។
បើទោះពេលនេះ អ្នកឧកញ៉ា ក្លាយជាបុគ្គលជោគជ័យ មានលុយវាល់លានក៏ពិតមែន ប៉ុន្តែជារឿយៗ អ្នកឧកញ៉ា បានប្រើជីវិតរបស់ខ្លួនយ៉ាងសាមញ្ញ ដូចទៅនឹងពេលអតីតកាល រស់បែបជីវិតជាអ្នកស្រែ ដដែល ដោយមិនតម្កើងឫក ភ្លេចកំណើតរបស់ខ្លួននោះឡើយ។
ជាក់ស្ដែង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបថត កំពុងភ្ជួរស្រែ ដោយនង្គ័ល ប្រើក្របីជាកម្លាំងអូសទាញ ភ្ជាប់ជាមួយខ្លឹមសាររំលឹកអតីតកាល ដូច្នេះថា «អនុស្សាវរីយ៍នៅពេលព្រះសង្ឃទូងស្គរ ងើបពីព្រឹកដឹកក្របីទៅភ្ជួរស្រែបងប្អូនដែលឆ្លងកាត់ ប្រាកដជាចងចាំនៅអតីតកាលនេះ»។
ដោយឃើញបែបនេះ ធ្វើឲ្យអ្នក ដែលធ្លាប់ឆ្លងកាត់ជីវិតជាកសិករនាំគ្នាបង្ហាញអារម្មណ៍របស់ខ្លួនព្រោងព្រាត ក្នុងនោះ ពួកគេ លើកឡើងថា «ខ្ញុំខ្ជិលបំផុតបាចលាងភក់អោយក្របីពេលដឹកទៅផ្ទឹមភ្ជួរស្រែម្តងៗកូន អ្នកស្រែដូចគ្នាដឹងច្បាស់ណាស់ បង។, ខ្ញុំយល់ថាកូនអ្នកស្រែគ្រប់រូប សុទ្ធតែបានឆ្លងកាត់ប្រាកដណាស់ រូបទាំងរូបខ្ញុំ,
បើពូវិញឆ្លងកាត់ហើយអ្នកស្ទូង១៣នាក់ភ្ជួរ ១ម្នាក់ឯងគោ២នឹម ១នឹមព្រឹក១នឹមភ្ជួរល្ងាច ងើបពីម៉ោង២យប់, ខ្ញុំលីនង្គ័លទៅភ្ជួរដើរដឹកគោ២ ដីចម្ងាយ៦គីឡូម៉ែត្រពីផ្ទះ, ចាំមិនភ្លេចទេ សម្រាប់ខ្ញុំបរ រទេះទៅដល់ស្រែអីបានលោកទូងស្គរ ជីវិតជាអ្នកស្រែ, ស្រណោះណាស់កាលនៅពីតូចជិះលើខ្នងក្របីរោមក្របីចាក់គូទឈឺណាស់, ឆ្លងកាត់ឆ្អែតហើយ តែមិនមានក្របីទេ ប្រើតែគោ! ហើយក៏មិនមែនពេលពេញវ័យដែរ គឺតាំងពីអាយុ៧ឆ្នាំម្ល៉េះ!»៕