រាជិនីសំឡេងមាស រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៦០ និង៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត។
អ្នកស្រី បានទទួលម,រណភាពក្នុងរប,បប្រល័,យពូជសាសន៍ខ្មែរក្រ,ហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៧។ ទោះយ៉ាងណា ភាពល្បីល្បាញនៃចម្រៀងរបស់អ្នកស្រី នៅតែតក់ជាប់ក្នុងអារម្មណ៍ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតមកដល់បច្ចុប្បន្ននេះ។
ដោយឡែក កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅនេះ ទំព័រហ្វេសប៊ុក «Amazing Cambodia» បានបញ្ជាក់ថា «ថ្ងៃនេះ ក្រុមគ្រួសាររាជិនីសំឡេងមាស រស់ សេរីសុទ្ធា ដែលមាន លោកស្រី រស់ សាបឿន ជាបងស្រីបង្កើត បានធ្វើពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធរាជិនីសំឡេងមាស នៅទីតាំងចេតិយរបស់គាត់ដែលទើបកសាងថ្មីៗ នាទឹកដីឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំឱកាសខួបកំណើតរបស់តារាចម្រៀងរូបនេះ គឺ ថ្ងៃទី០៦ ខែវិច្ឆិកា នេះឯង។
ប្រភព ដដែល បានបញ្ជាក់ទៀតថា «បើគាត់នៅរស់ គាត់មានអាយុ៧៤ឆ្នាំហើយឆ្នាំនេះ តែជាអកុសល គាត់បានបាត់បង់ជីវិតក្នុងរបបប៉ុលពត នៅទឹកដីខេត្តកំពង់ស្ពឺនេះ ក្នុងអំឡុងឆ្នាំ១៩៧៧ ពេលអាយុត្រឹមតែ២៩ឆ្លងចូល៣០ឆ្នាំ»។
នៅថ្ងៃដដែលនោះ ទំព័រហ្វេសប៊ុកខាងលើ បានបង្ហាញទិដ្ឋភាព ពិធីបុណ្យបង្សុកូល និងសែនចេតិយ ឧទ្ទិសដល់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា ដោយបញ្ជាក់ថា «ទិដ្ឋភាពពិធីបុណ្យបង្សុកូល និងសែនចេតិយ ឧទ្ទិសដល់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា តាមលទ្ធភាពរបស់ក្រុមគ្រួសាររបស់គាត់ ថ្ងៃទី ០៦ វិច្ឆិកា ២០២១»។
ប្រភព បានបន្ត ដោយបញ្ចេញទស្សនៈថា «តាមពិត គួរតែមានពិធីបុណ្យឆ្លងចេតិយ និង ពិធីសាសនា ដែលមានលក្ខណៈទ្រង់ទ្រាយធំ អធិកអធមជាងនេះ ឲ្យសមនឹងកិត្តិយសគាត់ តែប្រហែលមកពីបរិបទកូវីដ១៩ ទើបមិនអាចឲ្យមានមនុស្សកុះករបាន»៕