កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបទ ចម្រៀង «Are you ok?» របស់ផលិតកម្ម Galaxy Navatra ត្រូវបានផលិតកម្មធំមួយរបស់ចិន GESTOS ទិញសិទ្ធិផ្ដាច់មុខយកទៅផលិតបន្ត។
ការទិញនេះ ធ្វើឡើង បន្ទាប់ពីបទនេះ ចេញជាMVកាលពីថ្ងៃទី៤ ខែវិច្ឆិកា ហើយផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី មិនធ្លាប់មាននៅកម្ពុជាកន្លងមក ដោយគិតរហូតមកដល់ល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទស្សនាសរូបរហូតទៅដល់ជិត២០លានដងទៅហើយ។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំ ដែល អ្នកចូលរួមរួម មានទាំងសិល្បករជាតិ, អន្តរជាតិ, ភាគីពាក់ព័ន្ធ, អ្នកសារព័ត៌មាន និង ភាគីទាំង២ផលិតកម្មនោះ ក៏មានការចាប់អារម្មណ៍ខ្លាំងលើយុវតីម្នាក់ផងដែរ ដោយនាង មិនត្រឹមតែមានវ័យក្មេង សម្រស់ស្រស់ស្អាត ថែមទាំងមានសមត្ថភាពឈរជាតំណាងឱ្យផលិតកម្ម Galaxy Navatra និយាយភាសាអង់គ្លេស និងខ្មែរបានយ៉ាងល្អ។
យុវតីរូបនេះ ត្រូវបានគេដឹងថា ឈ្មោះ ហេង នុត្តា បច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១០នៃសាលាអន្តរជាតិមួយនៅភ្នំពេញ ត្រូវជាកូនស្រីច្បងរបស់លោក ហេង ឡុង។ នៅចំពោះមុខអ្នកចូលរួមទាំងអស់ យុវតីរូបនេះ បានឡើងថ្លែងសន្ទរកថា ជាភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងល្អ គួរឲ្យចង់ស្ដាប់ទៀតផង។
យុវតី ហេង នុត្តា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កត្តា ដែលជំរុញរូបនាង មានភាពក្លាហាន និងអាចឈរលើវេទិកាយ៉ាងធំដោយគ្មានភាពភ័យខ្លាចបែបនេះ បណ្ដាលមកពីមានការលើកទឹកចិត្តពីឪពុក ហេង ឡុង និងការគាំទ្រពេញទំហឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
យុវតី ហេង នុត្តា ក៏បានបញ្ជាក់ដែរថា នៅថ្ងៃអនាគតខ្លួនអាចនឹងក្លាយជាអ្នកថ្លែងសន្ទរកថា និងជាអ្នកជួយបកប្រែបទចម្រៀងឱ្យផលិតកម្ម Galaxy Navtra ថែមទៀតផង៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖