បើទោះ បច្ចុប្បន្ន កំពុងជោគជ័យលើវិស័យអនឡាញក៏ពិតមែន តែតារាចម្រៀង សួស វីហ្សា ប្រកាសជំហរ មិនបោះបង់ការងារសិល្បៈដោយងាយៗនោះឡើយ ដោយអ្នកនាង នឹងវិលត្រឡប់មកបម្រើអារម្មណ៍ពុកម៉ែបងប្អូនដូចដើមវិញ។
សួស វីហ្សា បានបញ្ជាក់ជំហររបស់ខ្លួន តាមរយៈការបង្ហោះរូបថតជាច្រើនសន្លឹក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ អមដោយសារ រៀបរាប់ដូច្នេះថា «ខ្ញុំ បានផ្អាកអាជីពជាតារាចម្រៀងអស់រយៈពេល២ឆ្នាំកន្លងមកហើយ ខ្ញុំពិតជានឹករលឹកគ្រប់សកម្មភាពទាំងអស់ពីមុន ដែលខ្ញុំធ្លាប់ធ្វើកន្លងមក
ការងារនេះ ខ្ញុំស្រលាញ់តាំងពីតូច ហើយការងារមួយនេះហើយ ដែលបានជួយអោយខ្ញុំអាចមកឈរដល់ចំណុចនេះដូចសព្វថ្ងៃ ខ្ញុំពិតជាមិនបោះបង់ដោយងាយៗទេ ខ្ញុំនឹងវិលត្រឡប់មកបំពេញការងារដែលខ្ញុំស្រលាញ់ដូចដើមវិញ
តែខ្ញុំមិនដឹងថា នឹងមានការគាំទ្រខ្លាំងដូចពីមុនវិញ ឬយ៉ាងណាទេ បើខ្ញុំវិលមកបម្រើអារម្មណ៍បងប្អូនលោកតាលោកយាយក្នុងវិស័យចម្រៀងវិញ តើលោកតា លោកយាយបងប្អូនអ៊ំពូមីងនៅតែបន្តគាំទ្រតារាចម្រៀងម្នាក់នេះដូចពីមុនដែរឬទេ? បងប្អូនមានដែលនឹកតារាចម្រៀងម្នាក់នេះខ្លះដែរទេ?
ក្រោយពីបង្ហោះសារបែបនេះរួចមក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ សួស វីហ្សា បានបង្ហោះសារមួយទៀត ហាក់ដូចជាអន់ចិត្តនឹងរឿង ដែលមានអ្នកស្អប់ និងបំបាក់ទឹកចិត្ត តែនាងនៅតែតាំងជំហរប្រាប់ខ្លួនឯងថា ត្រូវតែបំពេញការងារ ដែលខ្លួនស្រឡាញ់ឲ្យបានល្អបំផុត។
សួស វីហ្សា បានរៀបរាប់ដូច្នេះថា «ចាប់តាំងពីខ្ញុំចេញមកប្រឡូកក្នុងវិស័យonline ខ្ញុំទទួលបានការលើកទឹកចិត្តក៏មាន ការបំបាក់ទឹកចិត្តក៏មាន ការស្រលាញ់ក៏មាន ការស្អប់ក៏មាន មានគ្រប់រូបភាពទាំងអស់ តែខ្ញុំតែងលើកទឹកចិត្តខ្លួនឯងជានិច្ច ខ្ញុំតែងប្រាប់ខ្លួនឯងថាត្រូវបំពេញការងារ ដែលយើងស្រលាញ់អោយបានល្អបំផុត ប្រឹងប្រែងអោយអស់ពីសមត្ថភាព
ដាក់គោលដៅខ្លួនឯងអោយច្បាស់លាស់ មិនបំពានអ្នកណា ខ្ញុំតែងគិតថា ទាន់ខ្លួននៅក្មេងប្រឹងធ្វើរឿងល្អៗអោយច្រើន យ៉ាងហោចណាស់ពេលខ្ញុំចាស់ទៅខ្ញុំបានបន្សល់រឿងល្អៗទុកគ្រាន់និយាយប្រាប់កូន និងទុកជាអនុស្សាវរីយ៍សម្រាប់ជីវិតខ្លួនឯងដែលខ្លួនឯងបានប្រឹងប្រែងកាលគ្រាដើម»៕