គេនៅចាំបានថា នៅក្នុងការឡាយ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រកាសនូវពាក្យស្លោករបស់ខ្លួន ដើម្បីឲ្យប្រើប្រាស់លក្ខណៈWorld Wide ដោយពាក្យស្លាកនោះ មានខ្លឹមសារថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ»។
ក្រោយពីចេញពាក្យស្លោកនេះរួចមក មានមតិមួយចំនួនបានធ្វើការរិះគន់ថា ជាកំពូលតារាចម្រៀងមួយទាំងមូល មិនគួរយកពាក្យស្លោកបែបនេះមកប្រើប្រាស់នោះឡើយ, មិនគួរប្រើពាក្យស្ទាវនោះឡើយ ព្រោះប្រើបានតែសម្រាប់ពពួកសត្វឈ្មោលមួយចំនួន, អត់ន័យ ជាដើម។
ក្រោយពីមានការរិះគន់បែបនេះរួចមក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកខេមរៈ សិរីមន្ត បានធ្វើការបកស្រាយនូវពាក្យស្លោករបស់ខ្លួន ដើម្បីជម្រះមន្ទិលមួយចំនួន ព្រមទាំងសម្រេចកែតម្រូវពាក្យស្ទាវនោះផងដែរ តែសុំយោបល់មហាជន ថាតើគួរប្រើពាក្យអ្វីវិញនោះ។
កំពូលតារាចម្រៀង មានដើមកំណើតពីខេត្តកំពង់ចាមរូបនេះ បានបកស្រាយដូច្នេះថា «អរគុណបងប្អូនទាំងអស់គ្នា ដែលបានចាប់អារម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ» បងប្អូនខ្លះក៏យល់អត្ថន័យខ្ញុំចង់និយាយអប់រំប្អូនៗនៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យ និងចេះចំណាយប្រាក់អោយចំទិសដៅចង់អោយអនាគតគាត់បានល្អ
តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា «ស្ទាវ»ចឹងខ្ញុំ នឹងកែតម្រូវឡើងវិញហើយ សូមបងប្អូនជួយកែតម្រូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចម្រើនតែប៉ុណ្ណោះតោះចូលរួមកែតម្រូវទាំងអស់គ្នា———«យុវវ័យសម័យបើអត់ដី……………»គួរពាក្យថាម៉េច»៕