ធ្លាប់តែច្រៀង ដល់ពេលឈានជើងចូលក្នុងវិស័យអចលនទ្រព្យវិញនោះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជនគាំងយោបល់មិនស្ទើរនោះទេ ដោយសារតែនិយាយរបស់លោកត្រង់ចំណុចមួយចំនួន មិនបានល្អ រាងរដិបរដុប ភ្លេចមុខភ្លេចក្រោយជាដើម។
ជាក់ស្ដែង នៅក្នុងការឡាយនៅលើផេករបស់ខ្លួន កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ត្រង់ចំណុចមួយនោះ លោកបាននិយាយថា ការទិញដីឡូត៍នេះ វាគង់តែចំណេញទេ បើមិនចំណេញថ្ងៃនេះ ដាំខ្ទឹម ដាំស្មៅ (និយាយច្រឡំ) ដាំស្លឹកគ្រៃ ដាំម្ទេស ក្នុងរង្វង់គ្រួសារក៏យើងបានផលពីវាដែរ។
ចំណុចមួយទៀត លោក ក៏បានធ្វើការប្រកាសពីពាក្យស្លោកមួយដើម្បីឲ្យបងប្អូនយកទៅប្រើលក្ខណៈworld-wideផងដែរ។ ប៉ុន្តែបែរជាភ្លេចនូវពាក្យស្លោក ដែលខ្លួនបានសរសេរនោះទៅទៀត ហើយក្រោយមកក៏នឹកឃើញវិញ ដោយពាក្យស្លោកនោះ មានន័យថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេ អត់ស្ទាវទេៗ»។
ក្រោយមកពាក្យស្លោកនេះ ត្រូវបានកែតម្រូវបន្តិច ហើយដាក់ឲ្យប្រើជាផ្លូវការ មានន័យថា «យុវវ័យសម័យថ្មីអត់ដីម្ដេចស្ទាវ»។ ចំណុចទាំង២ខាងលើនេះ ត្រូវបានគណនីទីកតុកមួយចំនួន កាត់តយកទៅបង្ហោះ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានការរិះគន់ស្ថាបនារូបលោក និងការនិយាយលេងសើចទៀតផង។
ចំពោះការនិយាយច្រឡំរបស់លោកឲ្យទិញដីយកទៅដាំស្មៅនោះ ត្រូវបានអ្នកលេងទីកតុកមួយចំនួនធ្វើការខំមិនបែបលេងសើចថា «ដាំស្មៅឲ្យគោស៊ី, ទើបរៀនលក់អាយដល, ចេះកំប្លែងទៀតអាយដល, ដាំស្មៅទុកញុំា, រកទិញដីដាំខ្ទឹមហ្នឹងគេ, ដូចពិបាកស្ដាប់ណាស់មន្តអើយ»។
ចំពោះពាក្យស្លោក«យុវវ័យសម័យថ្មីអត់ដីម្ដេចស្ទាវ» មតិមហាជនខ្លះឡើងឡើងថា មានអត្ថន័យល្អដែរ ក៏ប៉ុន្តែពាក្យស្ទាវ ត្រូវបានគេប្រើតែទៅលើសត្វពាហនៈប៉ុណ្ណោះ ដូចជា គោស្ទាវ មាន់ស្ទាវ ឬក្របីស្ទាវជាដើម។
ទោះយ៉ាងណាទាំងនេះ គ្រាន់តែជាចំណុចអវិជ្ជមានរបស់លោក ត្រូវបានគេចាប់អារម្មណ៍ ហើយយកទៅកាត់,តបង្ហោះនៅក្នុងបណ្ដាញសង្គមទីកតុកប៉ុណ្ណោះ។ ប៉ុន្តែ បើនិយាយជារួម ការនិយាយរបស់លោកនៅក្នុងការឡាយនោះ បានល្អ សមហេតុផល គួរឲ្យគោរព ស្រឡាញ់៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖