នៅក្នុងការឡាយនៅរៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បង្ហាញអារម្មណ៍សប្បាយចិត្តដូចត្រូវឆ្នោតរង្វាន់ធំអញ្ចឹង ដោយសារតែកូនប្រុសរបស់ខ្លួន បានមកសហការយ៉ាងល្អ រាំជាមួយអ្នកស្រីយ៉ាងឡូយនោះ។
ទោះយ៉ាងណា ស្របពេលកំពុងសប្បាយចិត្តខ្លាំងនោះ ស្រាប់តែមានអ្នកចូលមកផ្ចាញ់ផ្ងាលថា «ខំមិនស្រួលបួលប្រយ័ត្ន ខ្លាចប្ដឹង»។ ជាការឆ្លើយតប អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា មិនមែនចេះតែប្ដឹងផ្ដេសផ្ដាសទេ កុំនិយាយផ្ដេសផ្ដាស»។
អ្នកស្រីថា មនុស្ស មានសិទ្ធិរៀងៗខ្លួន វាមិនដែលអ្នកណា ខំមិនប្ដឹងទេ អត់ដែលមានប្រវត្តិខំមិនប្ដឹងទេ និយាយឲ្យតែស្រួលបួលទៅ កុំលក្ខណៈផ្ចាញ់ផ្ចាល មនុស្សយើងមានសិទ្ធិដូចៗគ្នា ហើយមើលប្រវត្តិខ្លួន អត់ដែលមានប្រវត្តិប្ដឹងអ្នកមិនខុសនោះទេ។
ទោះយ៉ាងណា អ្នកស្រី ក៏បានអរគុណសម្រាប់អ្នកមកចូលមើល ហើយខំមិនពាក្យខាងលើនោះផងដែរ តែអ្នកស្រី បានអប់រំថា ធ្វើជាមនុស្សត្រូវផ្ដល់តម្លៃឲ្យអ្នកដទៃ ទោះគេមានលំដាប់ប៉ុណ្ណាក៏ដោយ ក៏គេមានតម្លៃរបស់គេរៀងៗខ្លួនដែរ។ អ្នកស្រី បញ្ជាក់ទៀតថា ខ្លួនមិនចេះតែដើរប្ដឹងគេផ្ដេសផ្ដាសនោះទេ ទាល់តែមនុស្សហ្នឹងខូច ហើយមួយប្ដឹង មួយទៀតលិខិតអញ្ជើញ ខុសគ្នា។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាសម្ដែង ដែលកំពុងទទួលបានប្រជាប្រិយភាព កញ្ញា Ah Na Rose បានបង្ហោះសំណេរមួយសុំទោសជាសាធារណៈ ទៅកាន់ថៅកែពេជ្រលោកស្រី ទ្រី ដាណា។
ការសុំទោសពីចម្ងាយទាំងញ័រខ្លួនរបស់កញ្ញា Ah Na Roseនេះ ធ្វើឡើងបន្ទាប់ពីទទួលបានលិខិតអញ្ជើញមួយរបស់លោកស្រី ទ្រី ដាណា ដែលតម្រូវឱ្យចូលខ្លួនដោះស្រាយបញ្ហាបញ្ចេញមតិនៅលើបណ្ដាញសង្គម។
យោងតាមលិខិតអញ្ជើញនៃក្រុមមេធាវី HNS ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ដូច្នេះថា ៖ «សូមអញ្ជើញ ឈ្មោះ ហាក់ វីរ៉ាស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យនៅផ្ទះលេខៈ ៧៤ ផ្លូវលេខៈ ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២៖០០រសៀល
ដើម្បីចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការបញ្ចេញមតិ (Comment) ថា ៖ ចែស្អាតណាស់តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវីល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៌របស់បង ក្នុងហ្វេសប៊ុកផេក របស់កូនក្ដីខ្ញុំបាទ ដោយការចូលបញ្ចេញមតិខាងលើបានធ្វើឱ្យប៉ះពាល់កិត្តិយសកេរ្ដិ៍ឈ្មោះរបស់កូនក្ដីខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមមួយចំនួនទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឈ្មោះ ហាក់ វីរ៉ាស្រីរ័ត្ន ចូលមកដោះស្រាយបញ្ហាខាងលើនេះកុំបីអាក់ខានឡើយ។ បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹងទៅកាន់សមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់ការទៅតាមនីតិវិធីច្បាប់នៃព្រះរាជណាចក្រកម្ពុជា»។
តាមរយៈការរៀបរាប់នៅក្នុងលិខិតរបស់មេធាវីខាងលើនេះ ឃើញថា មិនទាន់ដល់លក្ខណៈប្ដឹងផ្ដល់ឡើយ គ្រាន់តែការអញ្ជើញមកដោះស្រាយគ្នាប៉ុណ្ណោះ ហើយទាល់តែសាមីខ្លួនមិនមកចូលមកដោះស្រាយតាមការកំណត់ ទើបឈានដល់ការប្ដឹងទៅសមត្ថកិច្ចនោះ៕