ក្រៅពីការកសាងគ្រួសារមួយប្រកបដោយសុភមង្គលហើយនោះ អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្ន កំពុងជោគជ័យខ្លាំងណាស់លើមុខជំនួយរបស់ខ្លួន តែអ្នកឧកញ៉ា ក៏មិនភ្លេចឡើយ នូវការចែករំលែកចំណេះដឹង បទពិសោធន៍របស់ខ្លួនទៅកាន់មហាជននោះ។
ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកឧកញ៉ា បានចែករំលែកផ្នត់គំនិតមួយ ដើម្បីធ្វើការរំលឹកខ្លួនឯងផង ហើយក៏ជាការចែករំលែកដល់មហាជនទូទៅផងនោះ ដោយផ្ដល់គំនិតនេះ គឺ«ការយកចិត្តគេដាក់ចិត្តយើង» ។ ផ្ដល់គំនិតនេះ អ្នកឧកញ៉ា បានប្រើវាក្នុងការដឹកនាំក្រុមហ៊ុន ឈានទៅរកកិច្ចសហការកាន់តែច្រើន និងផលិតភាពកាន់តែខ្ពស់។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា «ផ្នត់គំនិតនៃ «ការយកចិត្តគេដាក់ចិត្តយើង» មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែពេលខ្លះ យើងមិនបានគិតដល់ចំណុចនេះឱ្យបានជាក់លាក់នោះទេ។ ថ្ងៃនេះ ខ្ញុំបានលើកយកគតិបែបចិត្តវិទ្យាមួយនេះមកគិតម្តងទៀត ដើម្បីរំលឹកខ្លួនខ្ញុំផ្ទាល់ពីសារៈសំខាន់នៃផ្នត់គំនិតនេះ ក្នុងការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងអាជីវកម្ម ក្នុងនាមជាអ្នកដឹកនាំម្នាក់។
ការបកស្រាយដ៏សាមញ្ញបំផុតនៃផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» សំដៅលើសមត្ថភាពក្នុងការទទួលស្គាល់អារម្មណ៍ពីអ្នកដទៃ និងយល់ពីទស្សនៈរបស់អ្នកដទៃលើស្ថានភាពមួយ។ បើពន្យល់ក្នុងន័យសម្រាយជាងនេះទៀតនោះ គឺមានន័យថា “ដាក់ខ្លួនអ្នកនៅក្នុងការគិតរបស់អ្នកដទៃ ហើយស្វែងយល់ពីអារម្មណ៍របស់ពួកគេក្នុងពេលនោះ” ទាំងអារម្មណ៍ ទាំងពុទ្ធិ និងទាំងក្ដីមេត្តា។
ក្នុងនាមជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អស់រយៈពេលជាង៣០ឆ្នាំ ការសិក្សាចំណេះដឹងដែលនៅពីក្រោយការរក្សាផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» គឺមានសារៈសំខាន់ ដូចជាការធ្វើឱ្យកិច្ចការសំខាន់ៗសម្រេចបានផងដែរ។
ការជំរុញឱ្យរក្សាផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» ក្នុងការដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានជួយខ្ញុំឱ្យយល់ពីមូលហេតុដែលនៅពីក្រោយការប្រតិបត្តិការងារមិនល្អ ជួយបង្កើតអារម្មណ៍នៃការជឿទុកចិត្ត ជួយបុគ្គលិកដែលកំពុងខិតខំឱ្យមានភាពប្រសើរឡើងក្នុងការបំពេញការងារ ពង្រឹងទំនាក់ទំនង ហើយជាលទ្ធផល វានាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទៅរកកិច្ចសហការកាន់តែច្រើន និងផលិតភាពកាន់តែខ្ពស់។
សូមចងចាំថា សម្តីបង្កើតសកម្មភាព ទង្វើបង្កើតទម្លាប់។ ចំពោះខ្ញុំផ្ទាល់ ផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» គឺជាលក្ខណៈសម្បត្តិដ៏សំខាន់បំផុតមួយសម្រាប់អ្នកដឹកនាំដែលត្រូវមាន និងដើម្បីបង្ហាញទៅមនុស្សជុំវិញយើងថា “យើងគ្រាន់តែជាមនុស្សធម្មតា” “ពេលខ្លះយើងបង្កើតកំហុស” ហើយយើងខិតខំប្រឹងប្រែងស្វែងយល់គ្នាទៅវិញទៅមក និងស្វែងយល់ពីបញ្ហាទាំងនោះ»៕