កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បាននាំកូនប្រុសទី២របស់ខ្លួនឈ្មោះ ឌួង ម៉ាណាវីត ទៅចុះឈ្មោះរៀនសាលាថ្មី ដើម្បីចង់ឲ្យកូនចេះច្រើនភាសា។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ពេលនាំកូនទៅចុះឈ្មោះនោះ អ្នកនាង ដេត ម៉ាលីណា បានរៀបរាប់ថា «ថ្ងៃនេះនាំកូនប្រុសទី២មកចុះឈ្មោះចូលរៀនសាលាថ្មីដូរសាលា ព្រោះចង់អោយកូនចេះទាំងខ្មែរ ទាំងអង់គ្លេសទាំងចិន ហើយធ្វើតេស្តកូនពិតជាពូកែមែនអង់គ្លេសថ្នាក់ទី៣ ខ្មែរថ្នាក់ទី២ ដោយសារម៉ាក់យាយជួយបង្រៀននៅផ្ទះដែរ អត់បានធ្លាប់អត់បានរៀនសោះជាមួយថ្នាក់សាលាចិនបានថ្នាក់ទី1 love u my prince Duong Manavid»។
ទោះយ៉ាងណាលោក ឌួង ឆាយ បានយល់ឃើញខុសពីនេះ ហើយបានបង្ហោះសារនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយស្ដីឲ្យអតីតភរិយាខ្លួនថា «ស្រលាញ់កូនៗណាស់ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូនៗ គ្រាន់តែកាត់បន្ថយការផឹកស្រាមិនបានផង»។
លោក ឌួង ឆាយ បន្តថា «រដ្ឋាភិបាលប្រកាសអោយត្រៀមចូលរៀនតាំងពីខែ 10។ ថ្ងៃ 02/11 បាននាំកូនទៅចុះឈ្មោះចូលរៀនរវល់ទៅបុណ្យ្មខ្មោចនៅក្លឹប Halloween។ ខ្ញុំផ្តាំតាំងពីខែ 10 អោយគិតរឿងសាលាកូនៗ។ មិនឆ្លើយតបហើយថែមទាំងមិនអោយកូនប្រុសឆ្លើយតបជាមួយខ្ញុំទៀត»។
អតីតសង្ឃរូបនេះ បានលើកឡើងទៀតថា «កូនខ្ញុំរៀនសាលាណតប្រីតសាលាល្អនៅជិតផ្ទះ បែរជានាំគ្នាទៅរៀនសាលាផ្សេងឆ្ងាយពីផ្ទះដោយមិនមានការឯកភាពពីខ្ញុំសោះ។ ខ្ញុំស្ងប់ស្ងាត់ជាងកន្លះឆ្នាំហើយអ្វីៗក៏មានទីបញ្ចប់ដែរ ល្មមៗបានហើយគួររកសន្តិភាពដើម្បីកូនៗ។ ខ្ញុំមិនប្តឹងសិទ្ធិទាមទារចិញ្ចឹមកូនៗពីព្រោះមិនចង់អោយកូនៗបែកបងបែកប្អូនគេបានចេះតែទ្រាំ»។
ជាមួយគ្នានេះ លោក បានធ្វើការឆ្លើយតបទៅនឹងអ្នករិះគន់ថា «ហើយពូមីងបងប្អូនមួយចំនួនតូចដែលរិះគន់នោះ បើមនុស្សនាង និងក្រុមគ្រួសារនាងនិយាយស្រួលស្តាប់គ្នា និងទាក់ទងបាន ខ្ញុំមិនមែនបង្ហោះនោះទេ។ ហើយគួរយល់អារម្មណ៍ខ្ញុំខ្លះផង រាល់ថ្ងៃនេះខ្ញុំទប់ណាស់ហើយ ដោយសារមិនចង់មានបញ្ហា។ នីតិវិធីច្បាប់ក៏កំពុងដើរដែរ ប៉ុន្តែត្រូវការពេលវេលា។ ចុងសប្ដាហ៍ក្រោយនឹងដឹងលទ្ធផលច្បាស់ហើយឌួង ឆាយ»។
តាមរយៈសំណេររបស់អតីតប្ដីប្រពន្ធ ដែលធ្លាប់សាងភាពផ្អែមល្ហែមជាគំរូដល់អ្នកគាំទ្រខាងលើនេះ ឃើញថា ពួកគេ សុទ្ធតែបង្ហាញពីទឹកចិត្តស្រឡាញ់ និងគិតពីអនាគតកូនៗដូចគ្នា តែការយល់ឃើញ ហាក់ផ្ទុយគ្នាស្រឡះ។ ដូច្នេះសង្ឃឹមថា ពួកគេ នឹងយល់ចិត្តគ្នាឡើងវិញ៕