បុរសម្នាក់ ត្រូវបានគេសង្ស័យថា លោតពីលោកស្ពានគីហ្សូណា បញ្ចប់ជីវិត ក្រោយឃើញភស្តុតាងមួយចំនួន និងលិខិតមួយច្បាប់ ធ្វើការសុំទោស ដល់ឪពុកម្ដាយ ប្រពន្ធកូន របស់ខ្លួននោះ។
យោងតាមរបាយការណ៍របស់ អធិការក្រុងកំពង់ចាម បានបញ្ជាក់ដូច្នេះថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីសង្ស័,យលោតទឹកសម្លា,ប់ខ្លួនពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និង ទី១១។
ប្រភព បន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកអធិការក្រុង បានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹកក្រូចលាយស ពាក់ស្លាក់លេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោជាប់នឹងម៉ូតូ និង មួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ។
ការចាកចេញរបស់បុរសម្នាក់នោះ ក៏បានបន្សល់ទុកនូវសម្ភារៈមួយចំនួនទៀត រួមមាន – កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល – ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ – ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៌ខ្មៅ(ជាប់លេខកូដ) – ចិញ្ចៀន០១វង់. – ខ្សែរក ០១ខ្សែ – ក្រដាសសរសេរសុំទោស ០១ សន្លឹក។
នៅក្នុងលិខិតសុំទោសមួយច្បាប់នោះ បានសរសេររៀបរាប់ដូច្នេះថា «ខ្ញុំសុំទោសម៉ែប៉ា ចេញទៅមិនបានលា ខុំសុំទោសប្រពន្ធកូន ចេញទៅមិនបានលា បញ្ហាគ្រួសារ ធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត នឹកប្រពន្ធ នឹកកូន នឹកម៉ែប៉ា»។
បច្ចុប្បន្នសម្ភារៈខាងលើ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកម្លាំងយើងកំពុងផ្សព្វផ្សាយព័ត៌មានស្វែងរកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត៕