គេសង្កេតឃើញថា បើទោះមិនបានលើកដៃសុំជំនួយក៏ពិតមែន តែគ្រួសាររបស់តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស ទទួលបានការអាណិតស្រឡាញ់ពីមហាជនច្រើន ក៏បានធ្វើការជួយជាថវកាជាបន្តបន្ទាប់ ដើម្បីឲ្យលោកតាសង់ ស៊ីស យកទៅដោះស្រាយបញ្ហាបំណុលគ្រួសារនោះ។
ក្នុងចំណោមអ្នកអាណិតស្រឡាញ់ និងជួយដល់លោកតា សង់ ស៊ីស ជាច្រើននោះ ក៏មានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ផងដែរ ប៉ុន្តែលោកមិនបានបង្ហោះសារនៅលើផេករបស់ខ្លួនបង្ហាញពីការជួយនេះឡើយ។
អ្នកនាង សុន ស្រីពេជ្រ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះសារ សម្ដែងការអរគុណដល់កំពូលតារាចម្រៀងព្រាប សុវត្ថិ និង អ្នកនាង ទៀង មុំសុធាវី ថា «នាងខ្ញុំនិងលោកឪពុកព្រមទាំងក្រុមគ្រួសារសូមអរគុណបងប្រុស ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងជាតារាចម្រៀងផលិតកម្ម Galaxy Navatra បានជួយថវិកាជូនលោកពុក សង់ ស៊ីស ចំនួន 500$ និងអរគុណប្អូន ទៀង មុំសុធាវី និងស្វាមីព្រមទាំងបុត្រ នូវថវិកា 100$»។
អ្នកនាង បានបង្ហាញអារម្មណ៍របស់ខ្លួនថា «នាងខ្ញុំពិតជារំភើបចិត្តចំពោះទឹកចិត្ត ដែលជានិច្ចកាលតែងតែចែករំលែក និងខ្វាយខ្វល់ពីលោកឪពុកនាងខ្ញុំ នាងខ្ញុំមានតែម្រាមដៃដប់អរគុណ និងជូនពរសូមអោយបង និងប្អូនស្រី ព្រមទាំងគ្រួសារទាំងអស់អោយជួបតែពុទ្ធពរបួន និងទេវតាជួយថែបងទាំងអស់ អោយជួបតែសេចក្តីសុខចម្រើន»។
ដោយឡែក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានលោក ហេង ឡុង ជាប្រធាន ក៏បានបញ្ជាក់ជុំវិញកាឧបត្ថម្ភរបស់តារាចម្រៀងព្រាប សុវត្ថិ ដែរថា «កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនដល់តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស តាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលកំពុងមានជីវភាពខ្វះខាត។ ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១អរគុណសន្តិភាព»។
ចំពោះមហាជនជាច្រើនទៀត ទោះមិនបានជួយជាថវិកាក៏ពិតមែន តែពួកគេ បានបង្ហាញទឹកចិត្តគោរព ស្រឡាញ់ អាណិតអាសូរចំពោះតារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស ដែលធ្លាប់ផ្ដល់ស្នាមញញឹមដល់ពួកគេខ្លាំងណាស់ ក៏បានលើកទឹកចិត្ត និងជូនពរឲ្យលោកតាឆ្លងផុតគ្រោះមួយនេះ៕