កាលពីពេលថ្មីៗកន្លងទៅនេះ ដោយហេតុថា ជាប់បំណុលគេច្រើនពេកនោះ គ្រួសារតារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស ដាច់ចិត្តលើកដៃសំពេះឲ្យបងប្អូនប្រជាពលរដ្ឋជួយទិញផ្ទះរបស់ខ្លួន ដើម្បីយកលុយសងបំណុលគេ។
ទោះយ៉ាងណា ពេលនេះ ដោយមិនចង់ឲ្យលោកតា សង់ ស៊ីស ជាឪពុក និងម្ដាយរបស់ខ្លួនយំស្ដាយស្រណោះផ្ទះនោះ តារាចម្រៀង សុន ស្រីពេជ្រ បានសម្រេចថា បញ្ឈប់ការលក់ផ្ទះនេះ ហើយប្ដូរមកលក់ដី និងទ្រព្យសម្បត្តិមួយចំនួនជំនួសវិញ។
បង្ហោះភ្ជាប់ជាមួយវីដេអូ កិច្ចសម្ភាសន៍ជាមួយលោកអ៊ឹម ជីវ៉ា តារាចម្រៀង សុន ស្រីពេជ្រ បានធ្វើការប្រកាសជាថ្មីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា «ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្ត និងអាណិតលោកឪពុក អ្នកម្តាយ គឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ
ដូច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយ បងប្អូនអើយ ខ្ញុំក៏លក់ដីមួយកន្លែង និងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ ទោះលក់មិនគ្រប់ តែខ្ញុំនិងបងបង មានលទ្ធភាពរកដោះស្រាយបាន
ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញ ក្រោមម្លប់សន្តិភាពរបស់សម្តេចពុកឥលូវនេះការងារក៏មានចូលជាបន្តបន្ទាប់ នាងខ្ញុំពិតជាត្រេកអរណាស់ យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ»៕